លោក ចូ បៃដិន ខឹងរុស្ស៊ី ផ្អាក ការនាំចេញ គ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ របស់អ៊ុយក្រែន
អាមេរិក:កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានផ្អាកកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញតាមច្រកសមុទ្រខ្មៅ ក្រោមកិច្ចសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីរុស្ស៊ីបានអះអាងថាវាបង្កឡើងដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅតំបន់គ្រីមៀ។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ផែនការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោកកាន់តែខ្លាំង។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបរិហារទៅកាន់រុស្ស៊ីថា ជាទង្វើហួសហេតុ ដែលធ្វើឱ្យវិបត្តិខ្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា កាលពីព្រឹកថ្ងៃសៅរ៍ អ៊ុយក្រែនបានធ្វើការវាយប្រហារកងនាវាចរនៅលើសមុទ្រខ្មៅ ក្បែរទីក្រុង Sevastopol តំបន់គ្រីមៀ ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៦ គ្រឿង ហើយអ្នកឯកទេសអង់គ្លេសជាច្រើនអ្នកក៏បានលូកដៃចូលជួយក្នុងការវាយប្រហារមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ការផ្អាកកិច្ចព្រមព្រៀងនេះ នឹងកាត់ផ្ដាច់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពុងផែសមុទ្រខ្មៅ។
លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware ថា «ទង្វើរបស់រុស្ស៊ីគ្មានអ្វីជាវិជ្ជមាននោះទេ។ អង្គការសហប្រជាជាតិបានខិតខំយ៉ាងខ្លាំងក្នុងដំណើរចរចាកិច្ចព្រមព្រៀងមួយនេះ ហើយវាគួរតែដល់ទីបញ្ចប់ហើយ»។ គួរដឹងដែរថា កិច្ចព្រមព្រៀងនេះសំដៅដល់ការអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន ទៅកាន់តំបន់ដែលកំពុងត្រូវការស្បៀងអាហារខ្លាំង ជាពិសេសតំបន់ទ្វីបអាហ្វ្រ៊ិក និងអាស៊ី។ ហើយ អ៊ុយក្រែនជាប្រទេសនាំចេញដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែសកម្មភាពនាំចេញតែងត្រូវបានអាក់ខានដោយសារតែការឈ្លានពានពីសំណាក់កងទាហានរុស្ស៊ី។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter រុស្ស៊ីបានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលក្នុងនោះបានឱ្យដឹងថា រុស្ស៊ីនឹងផ្អាកកិច្ចព្រមព្រៀងដោយមិនបានកំណត់ថេរៈវេលាជាក់លាក់ណាមួយនោះទេ ដោយសារខ្លួនមិនអាចធានាបាននូវសុខសុវត្ថិភាពរបស់នាវាស៊ីវិលទាំងអស់ដែលធ្វើដំណើរក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយនេះនោះឡើយ។ បើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានឱ្យដឹងថា រុស្ស៊ីបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នានៅថ្ងៃចន្ទ ដើម្បីជជែកពីបញ្ហាវាយប្រហារពីសំណាក់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍។
នាវានាំចេញចំនួន ៥ គ្រឿង និងនាវានាំចូលចំនួន ៤ គ្រឿងបានឆ្លងកាត់តាមច្រករបៀងមនុស្សធម៌ដោយសុវត្ថិភាព នេះបើយោងតាមអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិសម្រាប់មជ្ឈមណ្ឌលសម្របសម្រួលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល។ មជ្ឈមណ្ឌលនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងដោយភាគីអង្គការសហប្រជាជាតិ រុស្ស៊ី អ៊ុយក្រែន និងតួកគី។
យោងតាមលោក Amir Abdulla បានឱ្យដឹងថា រហូតមកទល់ពេលនេះមាននាវាទាំងត្រៀមនាំចេញ និងត្រៀមនាំចូលប្រមាណជាជាង ១០ គ្រឿង កំពុងឈប់ចតរង់ចាំធ្វើដំណើរចូលច្រករបៀង។ គិតត្រឹមថ្ងៃអាទិត្យ គេមិនទាន់ឃើញមានកិច្ចព្រមព្រៀងរវាងភាគីណាមួយធ្វើឡើងដើម្បីអាចឱ្យនាវាទាំងនោះអាចបម្លាស់ទីបាននៅឡើយទេ។
កាលពីថ្ងៃអាទិត្យ អង់គ្លេសបានលើកឡើងថា ការអះអាងរបស់រុស្ស៊ីដែលថាកងទ័ពជើងទឹកអង់គ្លេសបានបំផ្ទុះបំពង់បង្ហូរឧស្ម័នហ្គាសធម្មជាតិ Nord Stream កាលពីខែមុន គឺមិនពិតនោះទេ។ ការអះអាងបែបនេះ គឺជាគោលបំណងរបស់រុស្ស៊ីក្នុងការបង្វែរការចាប់អារម្មណ៍ពីការបរាជ័យរបស់យោធារុស្ស៊ីនៅអ៊ុយក្រែនតែប៉ុណ្ណោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា «ទង្វើមិនសមហេតុសមផលរបស់រុស្ស៊ី ត្រូវតែទទួលបានការឆ្លើយតបជាអន្តរជាតិយ៉ាងចាស់ដៃពីអង្គការសហប្រជាជាតិ និងក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២០ ប្រទេស (G20)»។ ប្រធានាធិបតីរូបនេះបានបន្តថា «នេះគឺជាការប៉ុនប៉ងទាំងកណ្ដាលថ្ងៃដោយមិនខ្លាចរអាអ្នកណារបស់រុស្ស៊ី ដើម្បីគំរាមកំហែង និងធ្វើឱ្យគ្រោះទុរ្ភិក្សទ្រង់ទ្រាយធំបន្តកើតមានឡើងនៅទ្វីបអាហ្រ្វិក និងអាស៊ី ដូច្នេះ រុស្ស៊ីគួរតែត្រូវបានបណ្តេញចេញពី G20»។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងដោយចំៗថា «ទីក្រុងមូស្គូកំពុងប្រើលេសមិនពិត ដើម្បីជាន់ពន្លិចកិច្ចព្រមព្រៀងនេះ»។ លោកបន្តថា «ខ្ញុំសូមអំពាវនាវឱ្យភាគីរដ្ឋទាំងអស់ ទាមទាររុស្ស៊ីឱ្យបញ្ឈប់ល្បែងទុរភិក្ស ហើយត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន»។ ដោយឡែក សហភាពអឺរ៉ុបក៏បានលើកឡើងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋភាគីទាំងអស់មិនត្រូវប្រព្រឹត្តសកម្មភាពឯកតោភាគីណាមួយដែលឈានដល់ការបង្កឱ្យមានគ្រោះថ្នាក់នោះទេ»។
ល្បែងទុរភិក្ស
ចាប់តាំងពីរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសតួកគីកាលពីថ្ងៃទី២២ ខែកក្កដា មក កសិផលជាច្រើនដូចជា ពោត ស្រូវសាលី ផលិតផលផ្កាឈូករ័ត្ន ស្រូវបាឡេ និងសណ្តែក ប្រមាណជាជាង ៩ លានតោនត្រូវបាននាំចេញទៅកាន់តំបន់ដែលកំពុងខ្វះខាតខ្លាំង។
ប៉ុន្តែនៅមុនថ្ងៃទី១៩ ខែវិច្ឆិកា ដែលជាថ្ងៃផុតកំណត់នៃកិច្ចព្រមព្រៀង រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងនេះកំពុងមានបញ្ហាធ្ងន់ធ្ងរ។ រីឯ អ៊ុយក្រែនវិញ បាន ត្អូញត្អែរ ថា ទីក្រុង មូស្គូ បាន រារាំង នាវាដឹកទំនិញជិត ២០០ គ្រឿង មិន ឲ្យ ចូលទទួលដឹកយក ទំនិញ គ្រាប់ ធញ្ញជាតិនោះទេ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា «អង្គការសហប្រជាជាតិកំពុងទាក់ទងជាមួយអាជ្ញាធររុស្ស៊ីអំពីស្ថានភាពនេះ»។
លោក Turan Oguz អ្នកវិភាគវិស័យការពារជាតិនៃប្រទេសតួកគីបានមានប្រសាសន៍ថា «ទោះបីជាតម្លៃនៅក្នុងទីផ្សារលោកខាងលិចត្រូវបានថយចុះក៏ដោយ ប៉ុន្តែរុស្ស៊ីមិនបានទទួលបានអ្វីពីកិច្ចព្រមព្រៀងនេះទេ។ ហើយខ្ញុំគិតថា ហេតុផលចម្បងចំពោះការដកខ្លួនចេញរបស់រុស្ស៊ី គឺការព្រងើយកន្តើយរបស់លោកខាងលិចចំពោះរុស្ស៊ី»។ គួររម្លឹកផងដែរថា ត្រឹមតែរយៈពេល ២៤ ម៉ោងមុនការសម្រេចចិត្តរបស់រុស្ស៊ី អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់ភាគីនានាឱ្យនៅអនុវត្តកិច្ចព្រមព្រៀងនេះបន្ត។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្សី លោក Dmitry Patrushev បាននិយាយថា «រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិប្រមាណរហូតដល់ទៅ ៥០០.០០០ តោនដល់ប្រទេសក្រីក្រក្នុងរយៈពេល ៤ ខែខាងមុខដោយឥតគិតថ្លៃ ដោយមានជំនួយពីប្រទេសតួកគី និងជាការជំនួសការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន»៕ ដោយ:ធា សុខណា