អភិបាលខេត្តបាត់ដំបង ស្នើដល់បុគ្គលពាក់ព័ន្ធពីការរំលោភយកដីក្នុងអាងទឹកភាសដោយខុសច្បាប់ ឲ្យបញ្ឈប់ការបំផុសព័ត៌មានដល់សង្គម ដើម្បីក្លែងបំភ្លៃការពិត

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ប្រាប់គ្រួសារជួបការលំបាក ចំនួន៧៥គ្រួសារ ដែលរស់នៅលើខ្នងទំនប់អាងភាស ស្ថិតក្នុង ស្រុកឯកភ្នំ ថា រាជរដ្ឋាភិបាល តែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ម៉ឺងម៉ាត់ក្នុងការការពារនូវទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ គឺត្រូវតែការពារនិងថែរក្សាឲ្យគង់វង់ជាដាច៎ខាត ហើយផលប្រយោជន៍ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋយើងក៏ត្រូវបានការពារ ដោយសមស្រប។

កន្លងមកអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក នៅទីនេះបានយកចិត្តទុកដាក់គិតគូរពីការរស់នៅរបស់បងប្អូន ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលដើម្បីដោះស្រាយជូនបងប្អូនមួយចំនួនដែលរស់នៅក្នុងអាង ដើម្បីសម្រួលពួកគាត់ឲ្យមករស់នៅលើទីតាំងសមស្រប ដែលអាជ្ញាធរបានរៀបចំជូន នៅថ្ងៃខាងមុខឆាប់ៗនេះ។ នេះបើតាម ឯកឧត្តម សុខ លូ ក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្ស សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែតុលា។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ ប្រធានក្រុមការងារទទួលបន្ទុកស្រុកឯកភ្នំ បញ្ជាក់អំពីប្រវត្តិសាវតា នៃអាងភាស និងអំណាននូវខ្លឹមសារ(សជណ)ទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងន័យដកស្រង់ខ្លឹមសារសង្ខេបក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ អំពីករណីបងប្អូនប្រជាពលរដ្ឋតវ៉ាទាមទារបើកទ្វារទឹកអាងភាស ស្រុកឯកភ្នំខេត្តបាត់ដំបង ដើម្បីយកដីអាងអាស្រ័យផលធ្វើស្រែ និងដោយផ្អែកលើចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ ចុះថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២២ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា៖ រាជរដ្ឋាភិបាលបានឃើញ និងឯកភាពលើរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង និងសម្រេច ដូចខាងក្រោម គឺ៖
-ត្រូវរក្សាទុក និង អភិវឌ្ឍបន្ថែម នូវអាងទឹកភាសនេះ ដើម្បីផលប្រយោជន៍នៃការស្រោចស្រពសម្រាប់ប្រជាជន ជាងមួយម៉ឺនគ្រួសារ…។
-អ្នកកាន់កាប់ដីមិនស្របច្បាប់ត្រូវបានដកហូតដោយគ្មានសំណងនិងគ្មានការដោះដូរអ្វីទាំងអស់…។
-ត្រូវចាត់វិធានការតាមផ្លូវច្បាប់សម្រាប់អ្នកបំពាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner