ទេសចរណ៍នៅកម្ពុជាមាន សន្ទុះឡើងវិញ៖ មន្ដ្រី និងស្ថាប័នពាក់ព័ន្ធនាំគ្នា ជំរុញឱ្យពង្រឹងធនធានមនុស្ស ឱ្យបានល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ:នៅ កម្ពុជា ចាប់ តាំង ពី ការ រាត ត្បាត នៃ ជំងឺ កូវីដ-១៩ បាន ធូរ ស្រាល ការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត ចាប់ ផ្ដើម មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

ក្នុងបរិការណ៍នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន លើក ឡើង ថា ក្រសួងទេសចរណ៍បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ តាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរអន្តរជាតិនិងទេសចរក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥។ ជាមួយគ្នានេះ ការបណ្តុះបណ្តាលរយៈពេលខ្លី ពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ ពិតជាមានសារៈសំខាន់។

ការលើកឡើងរបស់ឯកឧត្តម ប៉ាក់ សុខុម ដូច្នេះ ធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ សម្រាប់គម្រោងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សម្រាប់បុគ្គលិកកំពុងបំពេញការងារនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

សូម ជម្រាប ថា គម្រោង វគ្គ បណ្ដុះ បណ្ដាលនេះ រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ (MOT) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ឋាជីវៈទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ថ្លែង ថា៖ «កម្មវិធីបណ្តុះបណ្តាលនេះធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញ សម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ឬត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩»។ បើ តាមប្រធាន សមាគម ទេសចរណ៍ កម្ពុជា រូប នេះ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលមាន១០ផ្នែក ដូច ជា៖ ផ្នែកទីភ្នាក់ងារទេសចរណ៍និងការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេជ្ជៈ ផ្នែកផ្ទះបាយ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារឌីជីថល ផ្នែកស្ប៉ានិងម៉ាស្សា និងផ្នែកវិស្វកម្ម ។

ជា ការ កត់ សម្គាល់ រយៈពេល០៩ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១.២លាននាក់កើនឡើង ៨៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងកម្ពុជា មានរហូតដល់ ៩.៦លាននាក់ ក្នុងនោះទេសចរជាតិមាន ៨.៤លាននាក់ កើនឡើង២៤៧% និងទេសចរបរទេសចំនួន ១.២លាននាក់ កើនឡើង ៦០៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ ដោយ៖ កែវ កិរិយា

ads banner