ប្រមុខ អ.ស.ប. ផ្អាកផែនការទៅចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ ដើម្បីទុកពេលជួយសង្គ្រោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធុញ្ញជាតិ

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្រេចចិត្តផ្លាស់ប្តូរផែនការធ្វើដំណើររបស់គាត់ ដើម្បីងាកមកផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់គាត់ លើការរក្សាទុកគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់គាត់នៅថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Stephane Dujarric បានបញ្ជាក់យ៉ាងដូច្នេះថា លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដែលកំពុងបន្ត ទាក់ទងនឹងគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ។ ទន្ទឹមគ្នា លោក Guterres បានសម្រេចចិត្តពន្យារពេលការចាកចេញរបស់គាត់ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) នៅប្រទេសអាល់ហ្សេរីមួយថ្ងៃដើម្បីផ្តោតលើបញ្ហានេះ។ ដំបូងឡើយ លោក Guterres គ្រោងនឹងចាកចេញនៅថ្ងៃចន្ទនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល AL។

សូមរម្លឹកថា ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានប្រកាសពីការផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ បន្ទាប់ពីការវាយប្រហារលើកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី។ ថិរវេលាដំបូងនៃកិច្ចព្រមព្រៀងនេះ គឺមានរយៈពេល ១២០ថ្ងៃ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ភាគីពាក់ព័ន្ធក៏បានព្រមព្រៀងគ្នាដែរថា កិច្ចព្រមព្រៀងនេះ អាចត្រូវបានបន្តដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌដែលគ្មានភាគីណាមួយជំទាស់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner