មនុស្សស្លាប់កើនជិត ២៩០នាក់នៅក្នុងជម្លោះកុលសម្ព័ន្ធនៅប្រទេសស៊ូដង់

ខាទុំ៖ មន្ត្រីក្នុងតំបន់បាននិយាយក្នុងថ្ងៃអាទិត្យម្សិលមិញថា មនុស្សសរុបចំនួន ២៨៧នាក់បានស្លាប់ និង ២៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងជម្លោះកុលសម្ព័ន្ធនាពេលថ្មីៗនេះ ក្នុងរដ្ឋ Blue Nile ភាគអាគ្នេយ៍នៃប្រទេសស៊ូដង់។

ជាមួយគ្នានេះ មានការរំពឹងថា ចំនួនជនរងគ្រោះនឹងបន្តកើនឡើងបន្ថែមទៀត ខណៈរដ្ឋមន្ត្រីសុខាភិបាលរដ្ឋ Blue Nile លោក Jamal Nasir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទង់មតិថ្មីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យដដែលនេះ។ លោកបានកត់សម្គាល់ថា ក្រុមធ្វើកោសល្យវិច្ច័យនឹងកំណត់ពីមូលហេតុនៃការស្លាប់របស់សាកសពដែលត្រូវបានគេដុតមួយចំនួន ដើម្បីពិនិត្យមើលថាតើពួកគេបានរងការវាយប្រហារដោយអាវុធ ឬការវាយដំឬអត់។ កាលពីចម្លោះថ្ងៃទី១៩ និង២០ ខែតុលាកន្លងមកនេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកុលសម្ព័ន្ធ Hausa និង Berta ក្នុងរដ្ឋ Blue Nile ដែលត្រូវបានគេរាយការណ៍ថា ដោយសារតែជម្លោះរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិដីធ្លី។

ចំណែកកាលពីថ្ងៃទី២១ ខែតុលា អភិបាលរដ្ឋ Blue Nile លោក Ahmed El Omda Badi បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការស្វែងរកការពិតមួយ ដើម្បីស៊ើបអង្កេតការប្រយុទ្ធគ្នានៃកុលសម្ព័ន្ធទាំងពីរនៅក្នុងរដ្ឋមួយនេះ។ ទន្ទឹមគ្នា លោកអភិបាលក៏បានចេញក្រឹត្យប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅគ្រប់ផ្នែកទាំងអស់នៃតំបន់ Blue Nile សម្រាប់រយៈពេល ៣០ថ្ងៃផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner