ហេតុការណ៍បាក់ស្ពាននៅឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់កើនដល់ ៦០នាក់

ញូវដែលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦០នាក់ នៅក្នុងហេតុការណ៍ការបាក់ស្ពាននៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២។

សារព័ត៌មាន India Today បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦០នាក់បានស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានគេនិយាយថា រងរបួស បន្ទាប់ពីស្ពានមួយកន្លែងបានបាក់រលំចូលទឹកទន្លេ Machchhu ក្នុងសង្កាត់ Gujarat Morbi កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។

ការងារជួយសង្គ្រោះកំពុងបន្ត ស្របពេលដែលមនុស្សជាច្រើននាក់ទៀតនៅក្នុងទឹកទន្លេ បន្ទាប់ពីស្ពានខ្សែកាបបានដួលរលំ។ កាសែត The Tribune បានរាយការណ៍ថា ស្ពាននេះត្រូវបានបើកឱ្យសាធារណជនទូទៅប្រើប្រាស់ឡើងវិញ ត្រឹមតែបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីការងារជួសជុល។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់ទៅកាន់មន្ត្រីរដ្ឋាភិបាលរដ្ឋ ដោយបានណែនាំពួកគេឱ្យពង្រីកជំនួយតាមដែលអាចធ្វើទៅបាន ដល់អ្នកដែលរងផលប៉ះពាល់។

រដ្ឋាភិបាលរដ្ឋបានប្រកាសផ្តល់សំណងជារូបិយវត្ថុចំនួន ៤០០,០០០រូពីឥណ្ឌា ឬស្មើនឹងជាង ៤,៨៦០ដុល្លារអាមេរិកដល់គ្រួសារនីមួយៗរបស់អ្នកស្លាប់។ ក្រៅពីនេះ លោក Modi បានផ្តល់ប្រាក់សំណងចំនួន ២០០,០០០រូពីឥណ្ឌា ឬស្មើនឹងជាង ២,៤៣០ដុល្លារអាមេរិកពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្រ្តី ជូនដល់គ្រួសារសពនីមួយៗផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner