ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជា សមាជិក គណៈកម្មាធិការគណបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន
ខេត្តកណ្តាល ៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន បានអញ្ចើញប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្រ្តីគណៈកម្មាធិការគណបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន បញ្ចូល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ជា សមាជិក គណៈកម្មាធិការគណបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងការងារចុះជួយមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថាការតែងតាំងមន្រ្តីគណៈកម្មាធិការគណបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការចុះជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជម្រាបជូនទៅដល់ក្រុមការងារគណបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែន ទាំងអស់ ឱ្យបន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនិងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលាដើម្បីបង្កើនជំនឿទុកចិត្តមកលើគណៈបក្សប្រជាជនកម្ពុជា។ត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕ ដោយ-រ៉ាវុធ


