ចំនួនអ្នកស្លាប់ និងបាត់ខ្លួនកើនឡើងជាង ១២០នាក់ ក្រោយព្យុះត្រូពិក Nalgae វាយប្រហារប្រទេសហ្វីលីពីន
ម៉ានីល៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលហ្វីលីពីន បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី៣០ ខែតុលាថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨០នាក់ហើយ ដោយសារការវាយប្រហារពីព្យុះត្រូពិចដ៏ខ្លាំងក្លា Nalgae ដែលបានធ្វើឱ្យមានទឹកជំនន់ និងការបាក់ដីនៅតំបន់ជាច្រើននៃប្រទេសហ្វីលីពីន។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានបញ្ជាក់ថា អ្នកស្លាប់ចំនួន ៣៨នាក់ត្រូវបានបញ្ជាក់អត្ថសញ្ញាណរួចរាល់ហើយ ខណៈ៤២នាក់ទៀតកំពុងត្រូវបានផ្ទៀងផ្ទាត់។ ចំណែកមនុស្ស ៣១នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
ទីភ្នាក់ងារនេះបាននិយាយថា ព្យុះត្រូពិច Nalgae បានបង្កផលប៉ះពាល់ដល់ប្រជាជនហ្វីលីពីនជាង ១.២លាននាក់។ ផ្លូវប្រហែល ១៥០ និងស្ពាន ៦០ មិនអាចឆ្លងកាត់បានទេ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ Cagayan Valley ភាគខាងជើងប្រទេសហ្វីលីពីន។
Nalgae គឺជាព្យុះស៊ីក្លូនត្រូពិចទី ១៦ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២២នេះ។ វាបានវាយលុកចូលទៅក្នុង Catanduanes ដែលជាខេត្តដីកោះមួយ ក្នុងតំបន់ Bicol មុនពេលថ្ងៃរះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
គួរបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅលើពិភពលោក ដោយសារតែភូមិសាស្រ្តសណ្ឋានដីរបស់ហ្វីលីពីន ស្ថិតនៅក្នុងខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវ៉ាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។
ជាមធ្យម ប្រទេសប្រជុំកោះមួយនេះជួបប្រទះព្យុះទីហ្វុងចំនួន ២០ ក្នុងមួយឆ្នាំ ដែលមួយចំនួនមានកម្លាំងខ្លាំង និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ តួយ៉ាង កាលពីខែមេសាកន្លងទៅ ព្យុះត្រូពិច Megi បានធ្វើឱ្យមានភ្លៀងធ្លាក់នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដោយបានជន់លិចតំបន់ជាច្រើន និងបណ្តាលឱ្យមានការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សជាង ២២០នាក់បានស្លាប់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
