អណ្តើកហ្លួងត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើង អំពីអណ្តើកហ្លួង ដែលជាអណ្តើកកម្រ ហើយកំពុងមានវត្តមាននៅកម្ពុជា ដោយបានបញ្ជាក់ថា៖”ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ”។

គួរបញ្ជាក់ថា ការលើកឡើងពីសត្វអណ្តើកហ្លួងនេះដែរ បន្ទាប់ពី ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២២ កាលពីថ្ងៃទី២៧ និង២៨ ខែតុលា ក្រសួងបរិស្ថានបានសហការជាមួយ រដ្ឋបាលជលផលនិងអង្គការ WCS ដើម្បីយកសត្វអណ្តើកហ្លួងមកបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសត្វដ៏កម្រនេះ ដើម្បីចូលរួមការពារនិងអភិរក្ស។

ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនេះដែរថា ៖តាមរបាយការណ៍ឆ្នាំ២០១៩ អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល ៤៥០ក្បាល។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ៖ អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។នៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។

ក្រោមកិច្ចសហការនេះ ជាក់ស្តែងយើងបានសង្រ្គោះ និងថែរក្សាអណ្តើកហ្លួងសរុបចំនួន ៤៣៦ក្បាល ក្នុងនោះ ២៤៩ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូនខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ និង ១៨៧ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការបម្លាស់ទីរបស់វា វិធានការណ៍ការពារ និងបង្កើនផលស្តុកក្នុងដែនទឹកធម្មជាតិ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner