អ្នកវិភាគ៖ សំណុំរឿងវិបត្តិនៅមីយ៉ាន់ម៉ា ជាបូសដែលរកមុខធ្លាយមិនឃើញ
ភ្នំពេញ៖ រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជី នៅដើមខែកុម្ភៈឆ្នាំ២០២១ ពីសំណាក់ក្រុមយោធាលោកមីន អោងឡាំង បានបង្កជាក្ដីព្រួយបារម្ភសម្រាប់តំបន់អាស៊ាន និងក្លាយដំបៅបូសដែលរកមុខធ្លាយមិនឃើញ។ ទោះបីមានកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការតំបន់អាស៊ានក្តី ក៏វិបត្តិនៅមីយ៉ាន់ម៉ានៅតែមិនទាន់មានច្រកចេញជាវិជ្ជមានដុំកំភួននៅឡើយ។
អ្នកតាមដានបញ្ហានយោបាយកម្ពុជាយល់ឃើញថា កម្ពុជាក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចលទ្ធផលជាផ្លែផ្ការមួយចំនួនដែរទៅលើសំណុំរឿងភូមា មុនផ្ទេរភារកិច្ចនេះទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ានវិលជុំនៅឆ្នាំ២០២៣។ អ្នកជំនាញទាំងនេះ បានមើលឃើញពីភាពជោគជ័យដែលកម្ពុជាអាចរក្សាសមាជិកភាពរបស់ភូមាក្នុងរង្វង់គ្រួសារអាស៊ាន ដែលអាស៊ានបន្តនៅមានសមាជិក១០ដដែល និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាមូលដ្ឋានក្នុងការរកច្រកបិទបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ាឬភូមា។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា កម្ពុជានិងអាស៊ានបានខិតខំប្រឹងប្រែងធ្វើការបំពេញភារកិច្ចដែលមិនធ្លាប់មានជាង កន្លះសតវត្សរ៍។
លោកបញ្ជាក់ថា មូលហេតុដែលវិបត្តិភូមាពិបាករកច្រកចេញក៏ព្រោះវាជាជម្លោះប្រវត្តិសាស្រ្ត ដែលភូមាជាប្រទេសដែលអំណាចនៅក្នុងដៃក្រុមយោធាតាំងពីសម័យទទួលបានឯករាជ្យភាពពីអាណានិគមអង់គ្លេសម្ល៉េះ។
លោកគិន ភា៖« តាំងសម័យក្រោយអាណានិគមមក ប្រទេសភូមាហ្នឹងគ្របដណ្តប់អំណាចដោយពូកយោធាតែម្តង រយៈពេលរាប់សិបឆ្នាំមកហើយ។ អ៊ីចឹងការឱ្យពួកយោធាបោះបង់អំណាចចោលនោះ មិនមែនជារឿងងាយទេ»។
បន្ថែមពីនេះ លោកបណ្ឌិតគិន ភា ថាបញ្ហាប្រទេសក្បែរខាងភូមាក៏ជាចំណុចរាំងស្ទះដល់ដំណើរការដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងភូមាដែរ ដែលលោកលើកយកឥណ្ឌាជាឧទាហរណ៍។ លោកថា ឥណ្ឌាទំនងមិនចង់ឃើញភូមាទទួលបានស្ថិរភាពនយោបាយមួយឡើយ។ ត្រង់នេះជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ខណៈដែលមហាអំណាចចិន និងសហរដ្ឋអាមេរិកក៏មានការខ្វែងគ្នាក្នុងវិបត្តិនេះដែរ។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព បានយល់ថា កម្ពុជាបានសម្រេចបានលទ្ធផលចំនួនបីទៅលើវិបត្តិភូមា។ ទី១ គឺការបង្កើតប្រេសិតពិសេសរបស់អាស៊ានគឺឯកឧត្តម ប្រាក់ សុខន ដែលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីកាបរទេសអាស៊ានសម្រាប់ដោះស្រាយបញ្ហាភូមានេះ ។ ទី២ គឺការបំពេញទស្សនកិច្ចទៅកាន់ភូមាទាំងចំពោះប្រេសិតពិសេសអាស៊ាន និងសម្តេចតេជោនាយកដ្ឋមន្ត្រីហ៊ុន សែន ក្នុងការអំពាវឱ្យភាគីជម្លោះនីមួយៗចូលតុចរចា។ ទី៣ ការបើកផ្លូវនូវគម្រោងជំនួយមនុស្សធម៌របស់អាស៊ានទៅកាន់ភូមាផ្ទាល់។ សម្រាប់លោកវណ្ណ ប៊ុនណា លទ្ធផលទាំងនេះគ្រាន់តែជាមូលធាតុប៉ុណ្ណោះ ដែលមិនទាន់ចេញជាផ្លែផ្កាជាដុំកំភួននៅឡើយទេ។
លោកបន្តថា អំណាចយោធាដែលហាក់មិនធ្វើសម្បទាននយោបាយដល់ភាគីជម្លោះដទៃទៀតនោះ នាំឱ្យវិបត្តិនេះនៅបន្តរ៉ាំរៃ។ លោកបញ្ជាក់ថាក្រៅពីបញ្ហាផ្ទៃក្នុងភូមា គឺការគាំទ្រពីមហាអំណាចខាងក្រៅ និងយន្តការយឺតយ៉ាវរបស់អាស៊ាន។
លោកវណ្ណ ប៊ុនណាថា៖« យើងមើលឃើញថា ការគាំទ្រពីសំណាក់ប្រទេសរុស្ស៊ី និងចិនដល់របបសឹក ក៏ជាមូលហេតុនាំឱ្យក្រុមមេដឹកនាំយោធាភូមានៅមានកម្លាំង ឬអាចហៅថាជាខ្នងបង្អែក បើទោះបីជាមានទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិចក្តី។ មួយវិញទៀត អាស៊ានហាក់ដោះស្រាយបញ្ហានេះ មិនទាន់ពេលវេលា ទាល់តែបញ្ហានេះកើតឡើងហើយយូរបន្តិចទើប។ អាស៊ានចាប់ផ្តើមរកយន្តការចូលជួបមេដឹកនាំរបបយោធា ហើយចេញជាកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចហ្នឹង ហើយអាស៊ានក៏គ្មានមតិជាធ្លុងមួយសម្រាប់ការដោះស្រាយបញ្ហាភូមានេះដែរ »។
លោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មាននៃទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ( Kyodo )បញ្ជាក់ថា កម្ពុជាសម្រេចលទ្ធផលដ៏ត្រចះត្រចង់មួយគឺការរក្សាគ្រួសារអាស៊ានមិនឱ្យប្រេះឆាគ្នា ឱ្យនៅមានសមាជិកទាំង១០ ដដែល ។ ម្យ៉ាងទៀតកម្ពុជា ថែមទាំងបានលួងលោមមេដឹកនាំរបបសឹកឱ្យបើកចំហរសម្រាប់មូលដ្ឋានកិច្ចចរចាជាមួយភាគីជម្លោះនានាទៀត និងជាពិសេសគឺការបន្តជំហរកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ចំពោះបញ្ហាភូមា។ ជាអ្វីដែលលោកពុយ គា ចាត់ទុកជាភាពវៃឆ្លាតនៃនយោបាយការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។ ត្រង់នេះ លោកពុយ គា សង្កត់ធ្ងន់ថា បើសិនជាឥណ្ឌូនេស៊ីហ៊ានប្រើធម៌ក្តៅក្នុងបញ្ហាភូមា នៅពេលខ្លួនជាប្រធានអាស៊ាន អាស៊ានអាចជួបប្រទះសេណារីយោអាក្រក់ដោយ ភូមាអាចនឹងដកខ្លួនចេញពីអាស៊ាន ដែលនឹងធ្វើឱ្យអាស៊ានប្រទះនឹងការប្រេះឆាគ្នា។
ចំពោះលោក រីម សុខវី ជាសហស្ថាបនិក និងប្រធាន The Thinker Cambodia ដែលជាស្ថាប័នសិក្សាស្រាវជ្រាវបញ្ហាទំនាក់ទំនងការបរទេសវិញ លោកយល់ថា ដោយហេតុអាស៊ានប្រើប្រាស់យន្តការដែលស្មុគស្មាញពេក ដែលតម្រួវលើការឯកភាពគ្នាលើវិធានការនានា ខណៈសមាជិកខ្លះមានការខ្វែងគំនិតគ្នា ដែលនាំឱ្យសំណុំរឿងនៅជាប់គាំងអូសបន្លាយពេលជាបន្តបន្ទាប់។
អ្នកវិភាគនយោបាយវ័យក្មេងរូបនេះបន្តថា៖« ជាក់ស្តែងនៅក្នុងកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច អាស៊ាននមានជំហររួមក្នុងការជួបចរចាសម្រាប់ភាគីជម្លោះនានាក្នុងប្រទេសភូមា ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែងអាស៊ានបានត្រឹមជួបជាមួយតែភាគីរបបសឹករបស់លោកមីន អោងឡាំង ប៉ុណ្ណោះ ដែលវាជាចំណោទដែលអាស៊ាមិនបានជួបភាគីជម្លោះនានាឯទៀតដូចជា រដ្ឋាភិបាលស្រមោលរបស់របបលោកស្រីអ៊ុង សានស៊ូជី ជាដើម ដែលជំនួបរបស់អាស៊ាន ឬដំណើរទស្សនកិច្ច ហាក់មិនសូវមានលទ្ធផលទាល់តែសោះ»។
គួរបញ្ជាក់ផងដែរថា អំឡុងកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ាននាឆ្នាំ២០២២ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋមុនគេបង្អស់នៅដើមខែមករាឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ត្រូវបានធ្វើរដ្ឋប្រហារពីរបបសឹក។ កាលនោះ កម្ពុជាបានរងការរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ដំណើរទស្សកិច្ចរបស់លោករយៈពេលពីរថ្ងៃ នោះមានគោលដៅបង្រួបបង្រួមភូមា។
កាលពីខែមេសា ឆ្នាំ២០២១ ប្រទេសដែលជាសមាជិកអាស៊ាន បានឯកភាពគ្នានូវកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន៥ចំណុច នៅក្នុងព្រទេសឥណ្ឌូនេស៊ី ស្តីពីវិបត្តិភូមា។ ចំណុចព្រមព្រៀងទាំងប្រាំនេះ រួមមាន៖ ទី១ បិទបញ្ចប់អំពើហិង្សា, ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ,ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ,ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសភូមា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
សម្រាប់លទ្ធភាពដែលកម្ពុជាអាចធ្វើបានបន្តសម្រាប់វិបត្តិភូមាអ្នកជំនាញទាំងនេះ បានមូលមាត់គ្នាថាកម្ពុជាគួរជំរុញដល់ភាគីភូមាឱ្យគោរពកិច្ចសន្យារបស់ខ្លួនចំពោះវិធានការអាស៊ានលើកិច្ចព្រមព្រៀងកុងសង់ស៊ីលចំនួនប្រាំចំណុច នោះ និងអំពាវដល់អាស៊ានឲ្យបន្តមានឯកភាពគ្នាជាបន្ត និងព្យាយាមរកជំហររួមដើម្បីដោះស្រាយវិបត្តិភូមា ព្រោះកម្ពុជាជិតអស់ភារកិច្ចជាប្រធានអាស៊ាននេះហើយ។ អ្នកជំនាញទាំងនេះបន្ថែមថា កម្ពុជាគួរធ្វើយ៉ាងណាជំរុញដល់ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះអាស៊ានក្នុងឆ្នាំ២០២៣បន្តដោះស្រាយវិបត្តិភូមាដោយសន្តិវិធី និងទទួលយកមរតកកម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ លើវិបត្តិមីយ៉ាន់ម៉ានេះ។
នៅសេសសល់រយៈពេលិនយូរប៉ុន្មានទេដែលកម្ពុជានឹងហុចញញួរដល់ដៃឥណ្ឌូនេស៊ី ដែលនឹងត្រួវធ្វើជាម្ចាស់ផ្ទះអាស៊ានវិលជុំបន្ទាប់ពីកម្ពុជា ដែលលោក វណ្ណ ប៊ុនណា យល់ថា កម្ពុជានឹងមិនអាចមានលទ្ធភាពធ្វើអ្វីបានទៀតឡើយចំពោះសំណុំរឿងភូមា ដែលគ្រាន់តែធ្វើការផ្ទេរកិច្ចការដែលខ្លួនកំពុងមានទៅឱ្យឥណ្ឌូនេស៊ីប៉ុណ្ណោះ ខណៈឥណ្ឌូនេស៊ីបានកំពុងបង្កើតប្លង់មេសម្រាប់ដោះស្រាយបញ្ហានេះជាបណ្តើរៗទៅហើយ។
នៅថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ក្នុងនិន្នាការនេះ អ្នកជំនាញទាំងនេះ ចង់ឃើញអាស៊ានមានការឯកភាពគ្នា ហើយសង្ឃឹមថាតួអង្គកម្ពុជាឬភាគីណាមួយអាចរកឃើញមុខបូសវិបត្តិភូមា ដើម្បីដាក់ថ្នាំព្យាបាល ឱ្យឆាប់ជាសះស្បើយ ឈានស្វែងរកភាពសន្តិភាពជូនបណ្ដាជនភូមាទាំងជាង៥០លាននាក់៕
ដោយ៖ សំបាន ច័ន្ទដារ៉ា