លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅប្តេជ្ញារៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យ លោក លោកស្រី ជាចៅសង្កាត់ ត្រូវខិតខំ រួមគ្នា រៀបចំសណ្ដាប់ធ្នាប់ឲ្យខាងតែបាន ព្រោះសេចក្ដីជូនដំណឹងបានចូលដល់ថ្ងៃឱសានវាទហើយ មួយទៀតត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមសង្កាត់ជាពិសេស លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ហាមមិនឲ្យកើតមាននៅក្នុងមូលដ្ឋាន សង្កាត់ជាដាច់ខាត ។
នេះជាប្រសាសន៍លើកឡើងរបស់លោកអភិបាលខណ្ឌដើម្បីជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ឯក យ៉ានី តំណាងលោកអ៊ំម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ។
លោកអភិបាលខណ្ឌ បានលើកឡើងពីបច្ចុប្បន្នភាពរបស់គណៈអភិបាលខណ្ឌដែលត្រូវអនុវត្តបន្ត ជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌ ដោយអភិបាលបញ្ជាក់ដូច្នេះថា បញ្ហាសណ្ដាប់ធ្នាប់ រដ្ឋបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅ អមសងខាងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ មួយផ្នែកទៀតក៏បានជូនដំណឹងរួចហើយដែរ ដល់ប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវ៣៦៩ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីរួចហើយដែរ ការងារបន្ទាប់ត្រូវអនុវត្ត តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងឱ្យម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់ អាចដោះស្រាយបានបញ្ហាការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ នៅលើដងផ្លូវនិងចិញ្ចើមផ្លូវ ។
លោកអភិបាលខណ្ឌ ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ ថវិកានិងកម្លាំងជំនាញក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារ អំពៅត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ៕ ប៊ុនធី-
សណ្តោស

