ម្ចាស់រថយន្តព្រូស (Prius) ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ អប់រំ និងចុះកិច្ចសន្យា
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ករណីម្ចាស់រថយន្ត ម៉ាកតូយ៉ូតាព្រូស (Toyota Prius) មួយគ្រឿង ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីប័ណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យា។
ក្រសួងសាធារណការ បានបញ្ជាក់ថា បុរសជាអ្នកបើកបរ ផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនេះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និងប័ណ្ណបើកបរ ផុតសុពលភាព។
សូមជម្រាប់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាព ក្នុងការបើកបរឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ដោយ៖ ឆៃហួត និងប៊ុនធី

