សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាអំពាវនាវឱ្យបណ្តាប្រទេសនានាគោរពច្បាប់អន្តរជាតិនិងសិទ្ធិមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តាមរយៈវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ នៅប្រទេសថៃ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអំពាវដល់បណ្តាប្រទេសជាសមាជិកនៃវេទិកានិងបណ្តាប្រទេសនានាក្នុងពិភពលោកធ្វើការគោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។

នាឱកាសវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)លើកទី៣០ នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែតុលា សម្ដេចចក្រី ហេង សំរិន  បានថ្លែងអំពាវនាវដើម្បីស្នើដល់បណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកទាំង២២ប្រទេស និងបណ្តាប្រទេសនានាក្នុងពិភពលោក ធ្វើការគោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ(អ.ស.ប) ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ប្រធានរដ្ឋសភាកម្ពុជារូបនេះក៏បានថ្លែងកោតសរសើរដល់សភាថៃ ដែលបានរៀបចំកិច្ចប្រជុំដ៏ចាំបាច់នេះឡើងផងដែរ ដែលសម្ដេចចក្រី ហេង សំរិន បញ្ជាក់ថា វាជួនចំពេលដែលពិភពលោកត្រូវការការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនតួយ៉ាង ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងផ្នែកសន្តិសុខ។

គួរជម្រាបជូនថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី៣០នេះ បានធ្វើឡើងនៅប្រទេសថៃ ដែលមានបណ្តាប្រទេសជាសមាជិកចូលរួមចំនួន ២២ ប្រទេស ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើជំនួបប្រជុំជាប្រចាំឆ្នាំ ដើម្បីពង្រឹងសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅ​ក្នុង​តំបន់ និង​សកលលោក។

ជុំវិញបញ្ហានេះដែរ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ការអំពាវរបស់ប្រធានរដ្ឋសភាកម្ពុជាសម្ដេចចក្រី ហេង សំរិន គឺជាការល្អ ប៉ុន្តែទន្ទឹមនឹងការអំពាវនាវស្នើដល់បណ្តាប្រទេសផ្សេងៗ កម្ពុជាគួរប្រកាន់ខ្ជាប់ឱ្យម៉ឺងម៉ាត់លើកាតព្វកិច្ចនេះផងដែរ។

លោកអំ សំអាតបញ្ជាក់ថា៖« ទាក់ទងនឹងបញ្ហាគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការអំពាវនេះជាការល្អហើយ ប៉ុន្តែទន្ទឹមនឹងនេះកម្ពុជាយើងត្រូវតែពង្រឹងដើម្បីបង្ហាញជាគំរូ គោរពទៅតាមបទដ្ឋានអន្តរជាតិ» ។

លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាវិញ លោកវាយតម្លៃថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាតែងតែបានគោរពទៅតាមគោលការណ៍ជាតិនិងអន្តរជាតិដែលបានចែងជាសាកលក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញជាតិខ្លួន ដែលលោកអះអាងថា ចំណុចទាំងនេះគឺវាជ្រកកោនក្រោមម្លប់សន្តិភាព។

លោកបណ្ឌិតបន្តចំពោះការលើកឡើងរបស់ប្រធានរដ្ឋសភាកម្ពុជានៅវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសថៃ« អ្វីដែលលោកលើកឡើងគឺ សំណូមពរដល់ប្រទេសមហាអំណាចគោរពគោលការណ៍និងសិទ្ធមនុស្សជាសាកល ព្រោះសង្គ្រាមនៅបណ្តាប្រទេសខ្លះ វាកើតចេញពីឥទ្ធិពលមហាអំណាច »។

សម្រាប់លោកបណ្ឌិតយង់ ពៅ បន្ថែមថា ក្នុងស្តង់ដារសិទ្ធិមនុស្ស មហាអំណាចតែងប្រើស្តង់ដារផ្សេងៗគ្នាដើម្បីឆ្លុះបញ្ចាំងលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗ ដែលវាមានវិសមភាព ។ លោកបញ្ជាក់ថា ពលរដ្ឋកម្ពុជាទទួលបានការអនុវត្តនូវសិទ្ធិមនុស្សជាមូលដ្ឋានរួចទៅហើយ។

គួររំឭកផងដែរថា គណៈប្រតិភូសភាកម្ពុជាដែលមានសម្ដេចចក្រី ហេង សំរិន ជាអ្នកដឹកនាំ បានចូលរួមជំនួបប្រជុំក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី៣០ ក្នុងប្រទេសថៃ កាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែតុលា ។ចកិច្ច​ប្រជុំ​លើក​ទី​ ៣០ នេះ APPF បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ចំនួន១១​ សម្រាប់​ជា​គតិយុត្តិ​ក្នុង​ការ​លើក​កម្ពស់​តួនាទី​សភា​ និង​ពហុភាគី​និយម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច សន្តិសុខ អំពើ​ហិង្សា​នៅ​ក្នុង​តំបន់ និង​សកល​លោក​ដែល​កំពុង​កើត​មាន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner