លោក ហ្សេលេនស្គី ប្រកាសថ្កោលទោស និងចោទរុស្ស៊ី កំពុងបង្កើនវិបត្តិស្បៀងអាហារដោយចេតនា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសរុស្ស៊ីចំពោះការផ្អាកកិច្ចព្រមព្រៀងអន្តរការីរបស់អង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ។
នៅក្នុងសន្ទករថាតាមប្រព័ន្ធវីដេអូនៅថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា រុស្ស៊ីបានចាប់ផ្តើមដោយចេតនា ក្នុងការធ្វើឱ្យវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងវិញនៅក្នុងខែកញ្ញា នៅពេលដែលពួកគេបានរារាំងការដឹកជញ្ជូនរបស់កប៉ាល់ ជាមួយនឹងស្បៀងអាហាររបស់យើង។
លោកថា រហូតមកទល់ពេលនេះ នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន ១៧៦គ្រឿង កំពុងរង់ចាំក្នុងសមុទ្រ ដោយមិនអាចធ្វើដំណើរតាមផ្លូវបាន ហើយការដឹកជញ្ជូនស្បៀងជាង ២លានតោនត្រូវបានរារាំង។ លោក ហ្សេលេនស្គី បន្តថា ការឆ្លើយតបជាអន្តរជាតិដ៏រឹងមាំមួយ គឺចាំបាច់នៅពេលនេះ ទាំងនៅអង្គការសហប្រជាជាតិ និងកម្រិតផ្សេងទៀត ជាពិសេសនៅកម្រិតក្រុមប្រទេស G20។
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បាននិយាយផងដែរថា វាមិនសមហេតុសមផល សម្រាប់ប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃក្រុមប្រទេស G20 នៅពេលដែលខ្លួនកំពុងធ្វើដោយចេតនា ឆ្ពោះទៅរកវិបត្តិទុរភិក្សនៅទ្វីបផ្សេងទៀត។ ទន្ទឹមគ្នា លោកបានជំរុញឱ្យមេដឹកនាំ G20 ប្រកាន់ជំហរតឹងរឹងប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេក្នុងប្រទេសឥណ្ឌូនេស៊ីនាខែក្រោយផងដែរ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា



