បាក់ស្ពានថ្មើរជើងមួយនៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស១៣២នាក់
ភ្នំពេញ៖ប៉ូលិសឥណ្ឌាបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១៣២ នាក់បានស្លាប់ នៅពេលដែលស្ពានថ្មើរជើងមួយកន្លែង ដែលផ្ទុកទម្ងន់លើសបានបាក់ចូលទៅក្នុងទន្លេ។
អាជ្ញាធរបាននិយាយថា មនុស្សជិត៥០០ នាក់ កំពុងប្រារព្ធពិធីបុណ្យសាសនានៅបរិវេណ ស្ពានយោល ដែលមានអាយុជិត ១៥០ ឆ្នាំនៅទីក្រុង មូប៊ី(Morbi) ។ពេលកំពុងប្រារព្ធពិធីសាសនាខ្សែស្ពានយោលបានដាច់ ហើយអគ្គិសនីបានឆក់មនុស្សនៅទីនោះ។ ស្ពាននោះធ្លាក់ចូលទៅក្នុងទន្លេ ធ្វើឱ្យមនុស្សជាច្រើននាក់ ធ្លាក់ចូលទៅក្នុងទឹក ខណៈដែលអ្នកផ្សេងទៀតបានតោងជាប់នឹងបំណែកបាក់បែកហើយស្រែករកជំនួយ។
សាក្សីម្នាក់ដែលព្យាយាមជួយសង្គ្រោះមនុស្សបាននិយាយថា៖«ខ្ញុំបានឃើញស្ពានបាក់នៅចំពោះមុខខ្ញុំ។វាជាការឈឺចាប់ណាស់នៅពេលដែលស្ត្រីម្នាក់បង្ហាញរូបថតកូនស្រីរបស់នាង ឱ្យខ្ញុំមើលហើយបានសួរថា តើខ្ញុំបានជួយនាងដែរឬអត់? ខ្ញុំមិនអាចប្រាប់នាងបានទេ ថាកូនស្រីរបស់នាងបានស្លាប់»។
សាក្សីម្នាក់ទៀតឈ្មោះ Supran បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សបានកកកុញលើស្ពាននេះមុនពេលស្ពានបាក់។
លោកបានថ្លែងថា៖ « ស្ពានបានធ្លាក់ចូលក្នុងទន្លេក្នុងមួយប៉ព្រិចភ្នែក ហើយមនុស្សជាច្រើនក៏បានធ្លាក់ចូលទៅក្នុងទន្លេ ហើយខ្សែភ្លើងក៏ទុស្សេហើយឆក់មនុស្សទៀតផង»។
Ranjanbhai Patel ដែលជាអ្នកស្រុក Morbi ម្នាក់ទៀតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអំពីការលំបាកដែលគាត់ក្នុងការជួយសង្គ្រោះមនុស្ស។
លោកបាននិយាយថា ៖«យើងបានទាញមនុស្សដែលអាចហែលចេញពីច្រាំងបាន។ ដោយសារមនុស្សភាគច្រើនបានធ្លាក់ចូលទៅក្នុងទន្លេ យើងមិនអាចជួយសង្គ្រោះពួកគេបានទាំងអស់ទេ »។
មន្ត្រីប៉ូលិសជាន់ខ្ពស់លោក Ashok Kumar Yadav ប្រាប់ AFP ថា ចំនួនអ្នកស្លាប់នៅពេលនេះមានដល់ទៅ១៣២នាក់ខណៈ ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ប្រភពដដែលបន្ថែមថា មនុស្សប្រហែល ១៥នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ស្ពានឆ្លងកាត់ទន្លេ Macchchhu ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ បានបើកដំណើរការឡើងវិញប៉ុន្មានថ្ងៃមុននេះបន្ទាប់ពីការជួសជុលជាច្រើនខែ។របាយការណ៍ព័ត៌មានបានបង្ហាញពីវីដេអូមនុស្សកំពុងឡើងលើបំណែកស្ពាន ឬព្យាយាមហែលទៅកន្លែងសុវត្ថិភាព។
លោក P Dekavadiya ប្រធានប៉ូលីសនៅទីក្រុង Morbi បានប្រាប់ AFP តាមទូរស័ព្ទថា មនុស្សជាង ១៣០ នាក់ត្រូវបានជួយសង្គ្រោះ។
របាយការណ៍បាននិយាយថា ស្ពានព្យួរនេះមានប្រវែង២៣៣ ម៉ែត្រ និងទទឹង១.៥ ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៨៨០ដោយអាជ្ញាធរអាណានិគមអង់គ្លេស និងសង់ឡើងដោយប្រើសម្ភារដឹកជញ្ជូនពីប្រទេសអង់គ្លេស។
ទូរទស្សន៍ NDTV បានរាយការណ៍ថា បន្ទាប់បន្ទាប់ពីការជួសជុលរយៈពេលប្រាំពីរខែ រួចមក ស្ពាននេះបានបើកដំណើរការឡើងវិញកាលពីថ្ងៃពុធសប្ដាហ៍មុន បើទោះបីជាមិនមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពក៏ដោយ។ ខ្សែវីដេអូកាលពីថ្ងៃសៅរ៍បានបង្ហាញថា ស្ពាននេះយោលយ៉ាងខ្លាំង។
លោក Yadav បាននិយាយថា ប៉ូលិសស្រុកបានបើកការស៊ើបអង្កេតប្រឆាំងនឹងអ្នកម៉ៅការ សង់ស្ពាននេះ។ រដ្ឋបានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសោកនាដកម្មនេះ។
អាជ្ញាធរបានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដោយមានទូកនិងអ្នកមុជទឹកដាក់ពង្រាយអ្នកមុជទឹកដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន។ក្រុមទាហាន និងនាវិក ឥណ្ឌា ក៏បាន ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរ។
នាយករដ្ឋមន្ត្រី Narendra Modi ដែលកំពុងធ្វើដំណើរទៅ ស្រុកកំណើតរបស់លោក។លោក បានប្រកាសផ្តល់សំណងដល់អ្នកស្លាប់ និងរបួសក្នុងឧបទ្ទវហេតុនេះ។
ទោះជាយ៉ាងណា ឧបទ្ទវហេតុពីហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និងថែទាំមិនល្អ រួមទាំងស្ពាន គឺជារឿងធម្មតាក្នុងប្រទេសឥណ្ឌា។ ក្នុងឆ្នាំ ២០១៦ ការដួលរលំនៃស្ពានអាកាសទៅលើផ្លូវដ៏មមាញឹកមួយនៅក្នុងទីក្រុង Kolkata បានសម្លាប់មនុស្សយ៉ាងហោចណាស់២៦ នាក់។
ក្នុងឆ្នាំ ២០១១ មនុស្សយ៉ាងតិច ៣២ នាក់បានស្លាប់ នៅពេលដែលស្ពានមួយដែលប្រមូលផ្តុំទៅដោយក្រុមមនុស្សពិធីបុណ្យសាសនាដែរនោះបានដួលរលំនៅភាគឦសាននៃប្រទេសឥណ្ឌា។កាលពីសប្តាហ៍មុន មនុស្សប្រហែល៣០នាក់ត្រូវបានសម្លាប់នៅពេលដែលស្ពានថ្មើរជើងលើទន្លេក្នុងរដ្ឋ Arunachal Pradesh ភាគឦសានបានបាក់៕ ដោយ៖វណ្ណ ស័ក្ដិ