អាមេរិកនិងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមិនធ្លាប់មានពីមុនមក
សេអ៊ូល៖សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមួយរបស់ពួកគេនៅថ្ងៃចន្ទ ៣១ ខែតុលា ដោយប្រើយន្តហោះចម្បាំងរាប់រយគ្រឿង ដើម្បីបង្អួតសាច់ដុំនិងត្រៀមទប់ទល់ចំពោះការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។
កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា ប្រតិបត្តិការដែលមានឈ្មោះថា Vigilant Storm នឹងដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដោយប្រើយន្តហោះចម្បាំងប្រហែល ២៤០គ្រឿង និងគ្រោងធ្វើលំហាត់ប្រតិបត្តិការប្រហែល១.៦០០ ប្រភេទ។
ក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធរួមថា ជាការហាត់សមសម្រាប់ការឈ្លានពាននិងជាភស្តុតាង ដែលបង្ហាញពី នយោបាយអរិភាពជាមួយខ្លួន សំណាក់ក្រុងវ៉ាស៊ីនតោននិងសេអ៊ូល។ ឆ្លើយតបចំពោះសមយុទ្ធនាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស និងបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ។
សម្ព័ន្ធមិត្តនិយាយថា ការហ្វឹកហ្វឺនបែបនេះគឺចាំបាច់ដើម្បីទប់ទល់នឹងការគម្រាមកំហែងដ៏មានសក្តានុពលពីប្រទេសកូរ៉េខាងជើង ដែលបានបាញ់បង្ហោះកាំជ្រួចជាច្រើននៅឆ្នាំនេះ ដែលគេសង្ស័យថា កូរ៉េខាងជើងបានត្រៀមលក្ខណៈដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ។
សមយុទ្ធVigilant Storm នឹងរួមបញ្ចូលយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងចំណោមយន្តហោះដទៃទៀត។ អូស្ត្រាលីក៏នឹងដាក់ពង្រាយយន្តហោះ ចាក់ប្រេងតាមអាកាសសម្រាប់សមយុទ្ធនេះដែរ។
កងទ័ពអាកាសអាមេរិកបាននិយាយថា ៖«កូរ៉េខាងត្បូង និងកងទ័ពអាកាសអាមេរិកនឹងធ្វើការរួមគ្នាជាមួយនឹងសេវាកម្មរួម ដើម្បីបំពេញបេសកកម្មដែនអាកាសសំខាន់ៗ ដូចជាការគាំទ្រអាកាសកិច្ចការការពារដែនអាកាស និងប្រតិបត្តិការផ្លូវអាកាសសង្គ្រោះបន្ទាន់២៤ ម៉ោងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលហ្វឹកហាត់» ។ .
កាលពីថ្ងៃសុក្រ កងទ័ពកូរ៉េខាងត្បូងបានបញ្ចប់លំហាត់ហ្វឹកហ្វឺន Hoguk 22 រយៈពេល 12 ថ្ងៃ ដែលបង្ហាញពីការចុះចតបែបស្មុគ្រស្មាញ និងការឆ្លងកាត់ទន្លេ រួមទាំងសមយុទ្ធមួយចំនួនជាមួយកងកម្លាំងសហរដ្ឋអាមេរិកផងដែរ៕ ដោយ៖វណ្ណ ស័ក្ដិ