ក្រសួងអប់រំបន្តផ្សព្វផ្សាយព័ត៌មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញកែច្នៃអាហារ និងនវានុវត្តន៏ (FOODI Info Day)
ត្បូងឃ្មុំ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាផ្សព្វផ្សាយព័ត៌មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញកែច្នៃអាហារ និងនវានុវត្តន៏ (FOODI Info Day) ក្រោមការដឹកនាំលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
កម្មវិធីសិក្សានេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីគម្រោង (FOODI) នៃកម្មវិធី (Erasmus+) របស់សហគមន៍អឺរ៉ុប ដែលមានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យដៃគូផ្សេងៗ ទៀតនៅអាស៊ី និងអឺរ៉ុប។
កម្មវិធីសិក្សានេះមានគោលបំណង បង្ហាញអំពីសារៈសំខាន់នៃឧស្សាហកម្មកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស និងតម្រូវការធនធានមនុស្ស ដែលមានសមត្ថភាពដើម្បីការប្រកួតប្រជែងពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះផលិតផលខ្មែរលើឆាកអន្តរជាតិ ៕ ដោយ-រ៉ាវុធ


