រដ្ឋបាលខេត្តកំពង់ស្ពឺ ពន្លឿនការរៀបចំតុបតែងលម្អរ សោភ័ណភាពក្នុងក្រុង ខណៈព្រះរាជពិធីអុំទុក អកអំបុកបណ្តែតប្រទីប និងសំពះព្រះខែកាន់តែខិតជិតចូលមកដល់

កំពង់ស្ពឺ៖ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែនៅថ្ងៃទី៧-៨ខែវិច្ឆិកា ឆ្នាំ២០២២កាន់តែខិតជិតចូលមកដល់ខាងមុខនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បាននិងកំពុងមមាញឹកក្នុងការជួសជុលផ្លូវ ធ្វើសួនច្បារ ធ្វើក្លោងទ្វារ នៅតាមដងផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុងច្បារមនដោយមានដាក់ភ្លើងចម្រុះពណ៌ ផ្តល់ឱ្យមានសោភ័ណភាពស្រស់បំព្រង។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងបណ្តែតប្រទីបសម្រាប់ឆ្នាំនេះ អាជ្ញាធរខេត្តបានរៀបចំពិធីប្រណាំងទូក ដោយមានទូកមកពីបណ្តា មន្ទីរ អង្គភាពនិងស្រុកផ្សេងៗចូលរួម។ហើយនៅពេលរាត្រីរដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានការសម្តែងនូវផ្ទាំងទស្សនីយភាពបណ្តែតប្រទីប និងបាញ់កាំជ្រូចដើម្បីផ្តល់នូវការកំសាន្តសប្បាយរីករាយជូនដល់បងប្អូនដែលមកពីទីជិតឆ្ងាយបានទស្សនា។

ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថា ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទីនោះ អាជ្ញាធរខេត្តបានរៀបចំតុបតែងទីតាំងមួយចំនួនក្នុងក្រុងច្បារមន ក្នុងនោះមានសួនសម្តេចសង្ឃរាជ ជួន ណាត វិមានឯករាជ្យ សួនច្បារតាមបណ្តោយដងស្ទឹងព្រែកត្នោត សួនផ្លូវភ្លោះក្នុងក្រុង ដាក់ក្លោងទ្វារលើស្ពានព្រែកត្នោត និងក្លោងទ្វារសួនឧកញ៉ា សៀង ចាន់ហេង ព្រមទាំង កន្លែងកម្សាន្តតំបន់ត្រជាក់ ផ្សេងៗទៀត។

ទន្ទឹម និងការរៀបចំឱ្យមានភាពស្រស់បំព្រងត្រៀមក្នុងការកម្សាន្តសប្បាយនាឱកាសប្រារព្ធពិធីនេះដែរ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយ សូមឱ្យបង្កើនការប្រុងប្រយត្ន័ទាំងអស់គ្នា មានសីលធម៌ល្អ ចេះអធ្យាស្រ័យ យោគយល់គ្នាក្នុងការដើរហើរ ចូលរួមគោរពនូវច្បាប់កុំបង្កភាពអសន្តិសុខផ្សេងៗដើម្បីឱ្យពិធីប្រព្រឹត្តទៅដោយសប្បាយរីករាយ ៕ ម៉ុន សំអាត

ads banner