ផ្នែកឯកជនបានគាំទ្រផែនការ «បង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ វិស័យឯកជនថានឹងគាំទ្រ ព្រមទាំង ចាត់ទុក ការដាក់ចេញនូវផែនការ «បង្កើត បណ្ដាញ អេកូទេសចរណ៍ បឹង ទន្លេសាប»ដែលស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា មានសារៈ សំខាន់ក្នុង ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងស្វែង យល់ ពីសក្តានុពល នៃបឹងទន្លេសាបកម្ពុជា ។

អ្នកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា បច្ចុប្បន្ននេះ វិស័យអេកូ ទេសចរណ៍កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីអង្គការដៃគូអភិវឌ្ឍន៍នានា ហើយបឹងទន្លេសាប គឺជាតំបន់មួយ ដែលធំ និងចាប់អារម្មណ៍ខ្លាំងពីអង្គការដៃគូទាំងនោះ ដែលត្រូវការដៃគូអភិវឌ្ឍលើវិស័យ អូកេទេសចរណ៍ឱ្យ បានច្រើន ។
អ្នកស្រីបន្តថា ដោយលើមូលដ្ឋានេះ ហើយ បានជាក្រសួងទេសចរណ៍ មានផែនការ និង ជំរុញដល់ការបង្កើត ឲ្យចេញជារូបរាងបណ្ដាញអេកូទេសចរណ៍ បឹងទន្លេសាបឡើង ដើម្បី ឱ្យអង្គការដៃគូជាតិ និងអន្តរជាចិតចូលរួម បង្កើតតំបន់អេកូទេសចរណ៍ ឱ្យបានច្រើន ទីតាំង និងច្រើនមណ្ឌល។

លោកស្រីបញ្ជាក់ថា៖ « វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថា តំបន់ទន្លេសាបនេះ ជាបឹង ទឹកសាបមួយដ៏ធំ និងល្បីឈ្មោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដែលត្រូវតែទាញ អត្ថ ប្រយោជន៍ ពីបឹងដ៏មានសក្តានុពលនេះ ដើម្បីឱ្យយើងទាក់ទាញភ្ញៀវទេសចរ បានច្រើន តាមរយៈការអភិវឌ្ឍន៍ ការអភិរក្ស ពីដៃគូរអភិវឌ្ឍន៍នានា ក៏ដូចជា រាជរដ្ឋាភិបាល»។
បើតាម លោកស្រី ឆាយ ស៊ីវលីន បច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងស្ថាប័នជាតិផ្សេងទៀត បាននឹងកំពុងរៀបចំតំបន់ទន្លេសាប ឱ្យមានសក្តានុពលក្នុង វិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងសហគមន៍នៅលើផ្ទៃទឹកបឹងទន្លេសាបនេះ អាចទទួលបាន ផលប្រយោជន៍ផ្សេងពីវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍កាលពីពេលថ្មីនេះ បានដាក់ចេញទិស ដៅការងារមួយចំនួន ដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ធ្វើយ៉ាង ណាជំរុញដល់ការបង្កើតឱ្យចេញ ជារូបរាងបណ្ដាញអេកូទេសចរណ៍ បឹងទន្លេសាប។

ទិសដៅការងារដែលឯកឧត្ដម ថោង ខុន បានដាក់ចេញរួមមាន គាំទ្រ ចំពោះ ការបង្កើតបណ្តាញ អេកូទេសចរណ៍ បឹងទន្លេសាប ជំរុញឱ្យបង្កើតបណ្ដាញទេស ចរណ៍ បឹងទន្លេសាប រៀបចំ យន្តការការងាររបស់បណ្តាញ ផ្តល់ការគាំទ្រដល់កិច្ច ប្រតិបត្តិ ការ បណ្តាញ និង ស្នើឱ្យដៃគូ អភិវឌ្ឍ អង្គការជាតិ និងអន្តរ-ជាតិ គាំទ្រផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុនានា ។
បើតាមឯកឧត្តម ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គីឡូម៉ែត្រទទឹងប្រមាណពី ៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រនិងមានឆ្នេរ ប្រវែងប្រមាណ ៤៨២ គីឡូម៉ែត្រនៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែល មានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ លក្ខណៈ ពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការ បញ្ចេញ ទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រ ធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។
លោកបន្ថែមថា៖« បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រក ដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និង រុក្ខជាតិ ជាច្រើនប្រភេទ។ កត្តាសត្យានុម័ត ទាំងនេះ បានបង្កើតជាកាលានុវត្តភាពជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូច ជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការបង្កើត «បណ្តាញអេកូទេសចរណ៍ បឹង ទន្លេសាប-TEN» នឹង ក្លាយជាយន្តការស្ថាប័នដ៏មានប្រសិទ្ធភាពមួយក្នុងការគៀងគរ គ្រប់ ភាគីពាក់ ព័ន្ធមកពីស្ថាប័នសាធារណៈ អង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូពាក់ព័ន្ធ វិស័យ ឯកជន ដើម្បីរួមចំណែកលើក កម្ពស់ ជីវភាព រស់នៅរបស់សហគមន៍នេសាទក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលប្រកបដោយ និរន្តរភាព នៅតំបន់បឹងទន្លេសាប៕
ដោយ:យុទ្ធ វិរៈ

ads banner