សួនកម្សាន្ត Disney នៅសៀងហៃ ត្រូវបិទដោយសារផ្ទុះ ឆ្លងជំងឺកូវីដ១៩

សៀងហៃ៖ សួន កម្សាន្ត Disney ដ៏ ល្បីល្បាញ នៅ ទីក្រុង សៀងហៃ បាន ប្រកាស ផ្អាក ប្រតិបត្តិការ ភ្លាម ៗ នៅ ថ្ងៃ ចន្ទ ទី ៣១ ខែ តុលា ឆ្នាំ ២០២២ ដោយ សារ រកឃើញ ករណី ផ្ទុះ ឆ្លង ជំងឺ កូវីដ ១៩ នៅ ក្នុង សួន កម្សាន្ត នេះ ។

ការ ផ្អាក ប្រតិបត្តិការ នេះ ធ្វើ ឡើង ដោយ អនុលោម ទៅ តាម វិធានការ បង្ការ ជំងឺ កូវីដ ១៩ ដាក់ ចេញ ដោយ រដ្ឋាភិបាល ប្រទេស ចិន ខណៈ ភ្ញៀវ ទាំង អស់ ដែល ស្ថិត នៅត្រូវ បាន ណែនាំ ឱ្យ ស្នាក់ នៅ ក្នុង បរិវេណ សួន កម្សាន្ត ដើម្បី ធ្វើ តេស្ត រក ជំងឺ កូវីដ ១៩។ អ្នក ដែល អាច ចាក ចេញ ពី សួន កម្សាន្ត បាន គឺ ទាល់ តែ ទទួល បាន លទ្ធផល តេស្ត អវិជ្ជមាន ។

ការ បិទ សួន កម្សាន្ត Disney ធ្វើ ឡើង នៅ វេលា ម៉ោង ១១:៣៩ ព្រឹក ម៉ោង នៅ ក្នុង ស្រុក។ អាជ្ញាធរ ក្រុង សៀងហៃ បាន ជូន ដំណឹងតាម រយៈ គណនី WeChat ផ្លូវ ការ របស់ ខ្លួន ថា ក្រៅ ពី បិទ ប្រតិបត្តិការ ក្នុង សួន កម្សាន្ត មិន ឱ្យ ភ្ញៀវ ដែល នៅក្នុង សួន នោះ ចេញ មក ខាង ក្រៅ ហើយ អ្នក ពី ក្រៅ ដែល ចង់ ចូល ទៅ កម្សាន្ត នៅ ទីនោះ ក៏ ត្រូវ បាន ហាមឃាត់ ផង ដែរ ។

ដោយ ឡែក ភ្ញៀវ ទេសចរ ដែល បាន ទៅ កម្សាន្ត នៅ សួន Disney នៅ សៀងហៃ នេះ ចាប់ តាំង ពី ថ្ងៃ ទី ២៧ ខែ តុលា ត្រូវ ចាំ បាច់ ធ្វើ តេស្ត រក ជំងឺ កូវីដ ១៩ ជា រៀង រាល់ ថ្ងៃ នៅ ក្នុង រយៈ ពេល ៣ ថ្ងៃ ជាប់ គ្នា ។

ដ្បិត តែ បិទ ប្រតិបត្តិការ មិន ឱ្យ មនុស្ស ចេញ ចូល ប៉ុន្តែ អ្នក នាំ ពាក្យ សួន កម្សាន្ត Disney បាន គូស បញ្ជាក់ ឱ្យ ដឹង នៅ ថ្ងៃ ចន្ទ ទី ៣១ ខែ តុលា នេះ ថា ល្បែង និង ឧបករណ៍ កម្សាន្ត មួយ ចំនួន នៅ តែ បន្ត ដំណើរការ សម្រាប់ ភ្ញៀវ ដែល នៅ ជាប់ គាំង ក្នុង សួន កម្សាន្ត ប៉ុន្តែ ការ ដាក់ ឱ្យ ដំណើរការ នោះ ធ្វើ ឡើង ដោយ គោរព ទៅ តាម គោលការណ៍ ណែនាំ របស់ អាជ្ញាធរ សុខាភិបាល ចិន ដើម្បី បង្ការ ការ ឆ្លង ជំងឹ កូវីដ ១៩ ។

ជា ការ កត់ សម្គាល់ ការ សម្រេច ផ្អាក ប្រតិបត្តិការ របស់ សួន កម្សាន្ត Disney ធ្វើ ឡើង បន្ទាប់ ពី ទីក្រុងសៀងហៃបានរក ឃើញ ករណីឆ្លងកូវីដ ១៩ ក្នុងស្រុកចំនួន ១០ ករណី នៅ ក្នុងថ្ងៃទី៣០ ខែតុលា ប៉ុន្តែ ភាគច្រើន នៃ អ្នក ជំងឺមិនមានរោគសញ្ញា ណាមួយ ឡើយ។

សូម រំឭក ជូន ថា នេះ មិន មែន ជា លើក ទី ១ ទេ ដែល សួន កម្សាន្ត Disney នៅ សៀងហៃ ត្រូវ បង្ខំ ចិត្ត ផ្អាក ប្រតិបត្តិការ របស់ ខ្លួន ។ កាល ពី ដើម ឆ្នាំ កន្លង ទៅ សួនកម្សាន្តនេះ ត្រូវ បិទ ដំណើរការ អស់ រយៈ ពេល ៣ ខែ ដោយ សារ តែ ការ ឆ្លង កូវីដ ១៩ ។ ចំណែក កាល ពី ខែ វិច្ឆិកា ឆ្នាំ មុន សួន កម្សាន្ត នេះ ត្រូវបិទរយៈពេលពីរថ្ងៃ ដោយ មាន ភ្ញៀវទេសចរជាង ៣ ម៉ឺន នាក់ជាប់គាំងនៅក្នុង សួន កម្សាន្ត នោះ ដោយអាជ្ញាធរ ក្រុង សៀងហៃបានបញ្ជាឱ្យពួកគេទាំងអស់ធ្វើតេស្តរក ជំងឺ កូវីដ ១៩ ។

នៅ ក្នុង គោលដៅ សម្រេច ឱ្យ បាន នូវ គោលនយោបាយ កូវីដ សូន្យ អាជ្ញាធរក្នុងតំបន់នៅទូទាំងប្រទេសចិន បានបន្តដាក់ចេញនូវវិធានការណ៍បន្ទាន់ និងខ្លាំងក្លា បំផុត ដើម្បីកាត់បន្ថយលទ្ធភាពនៃការចម្លងជំងឺ កូវីដ ១៩ នៅពេលដែលមាន ករណី នេះ ផ្ទុះ ឡើង ដោយ ប្រើ វិធីសាស្រ្ត តឹងរ៉ឹងជា ទី បំផុត ។

គួរ ជម្រាប ដែរ ថា ក្រៅ ពី សួន កម្សាន្ត Disney សួន កម្សាន្ត Universal នៅក្នុងរដ្ឋធានីប៉េកាំងរបស់ប្រទេសនេះ ក៏ បាន ផ្អាក ដំណើរការ រយៈពេល ៥ ថ្ងៃ ផង ដែរដោយ សារ ករណី កូវីដ ហើយ ទើប តែ បើកដំណើរការឡើងវិញ នៅ ថ្ងៃចន្ទ ទី ៣១ ខែ តុលា នេះ ប៉ុណ្ណោះ ៕ ដោយ៖ កែវ កិរិយា

ads banner