លោក ពូទីន អះអាងថា “លក្ខខណ្ឌចាំបាច់” អាចនឹងកើតឡើង សម្រាប់ការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា លក្ខខណ្ឌចាំបាច់អាចនឹងកើតមានឡើង ក្នុងការជំរុញការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ពូទីន បាននិយាយនៅថ្ងៃចន្ទទី៣១ ខែតុលាថា ខ្លួនអាចចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាសន្តិភាពដែលជាប់គាំងរវាងប្រទេសទាំងពីរ ប៉ុន្តែបានសម្តែងការខកចិត្ត ដែលអ៊ុយក្រែនបដិសេធមិនពិភាក្សាអ្វីទាំងអស់ជាមួយរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូ ក្នុងពេលថ្មីៗនេះ បានផ្អាកកិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។
លោក ពូទីន បានលើកឡើងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Sochi ថា “ឆន្ទៈល្អ” របស់រុស្ស៊ីទាក់ទងនឹងបំណងប្រាថ្នារបស់ខ្លួន ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺ “លើសពីការសង្ស័យណាមួយ”។ ជាមួយគ្នានេះ លោក ពូទីន បានស្តីបន្ទោសអ៊ុយក្រែនចំពោះការបោះចោលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ “ទៅក្នុងធុងសំរាម”។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រហែលជាលក្ខខណ្ឌចាំបាច់មួយចំនួន អាចនឹងកើតឡើងនៅទីបំផុត យើងបានបង្ហាញឆន្ទៈល្អរបស់យើងហើយ។ វាហួសពីការសង្ស័យ ហើយនឹងមិនផ្លាស់ប្តូរទេ។ ទោះបីជាយ៉ាងណា លោក ពូទីន មិនបានបញ្ជាក់ពីលក្ខខណ្ឌដែលតម្រូវឱ្យមានការចរចាចាប់ផ្តើមឡើងវិញនោះទេ៕ ប្រភព៖ Newsweek ដោយ៖ ទីណា និងបុត្រា




