កូរ៉េខាងជើងទាមទារឲ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធារួមគ្នា
ព្យុងយ៉ាង៖កូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី៣១ ខែតុលា បានទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយហៅថាជាការបង្កហេតុដែលអាចទាញ«វិធានការឆ្លើយតបដ៏មានឥទ្ធិពលជាង» នោះពីទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ បានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដើម្បីដណ្តើមអំណាចម្តងទៀត ដោយសារតែចលនាយោធាមិនឈប់ឈរ និងមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។
ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមួយរបស់ខ្លួននៅថ្ងៃចន្ទ ដោយចូលរួមដោយយន្តហោះចម្បាំងរាប់រយគ្រឿងមកពីភាគីទាំងសងខាង។
កងទ័ពអាកាសអាមេរិកបាននិយាយថា ប្រតិបត្តិការឈ្មោះ Vigilant Storm នឹងបន្តរហូតដល់ថ្ងៃសុក្រ ហើយចូលរួមដោយយន្តហោះចម្បាំងប្រហែល ២៤០ គ្រឿងដែលធ្វើប្រតិបត្តិការប្រហែល ១ ៦០០ ប្រភេទ។ សមយុទ្ធនេះ ប្រព្រឹត្តទៅខណៈដែលភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងទៅៗ ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជឿជាក់ថា កូរ៉េខាងជើងប្រហែលជានឹងបន្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ ក្រោមផ្អាកតាំងពីឆ្នាំ ២០១៧។ ប្រទេសសម្ព័ន្ធមិត្តទាំង២ ក៏ប្រកាន់យកនូវយុទ្ធសាស្ត្រទប់ទល់នឹងក្រុងព្យុងយ៉ាង តាមរយៈសមយុទ្ធយោធាសំខាន់ៗ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
ឆ្លើយតបនឹងសកម្មភាពទាំងនេះ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកូរ៉េខាងជើង ដដែលបានគូសបញ្ជាក់ថាកូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់ទាំងអស់ សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដី ពីការគំរាមកំហែងពីខាងក្រៅ។
ក្រសួងបន្តថា៖ «ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តការបង្កហេតុខាងយោធាយ៉ាងធ្ងន់ធ្ងរនោះ កូរ៉េខាងជើង នឹងពិចារណាលើវិធានការឆ្លើយតបឱ្យខ្លាំងជាង។ ប្រសិនបើសហរដ្ឋអាមេរិក មិនចង់ឱ្យមានការវិវឌ្ឍន៍ធ្ងន់ធ្ងរណាមួយ ដែលមិនសមស្របនឹងផលប្រយោជន៍សន្តិសុខរបស់ខ្លួននោះ ប្រទេសនេះគួរតែបញ្ឈប់សមយុទ្ធគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាពតែម្តង។ បើមិនដូច្នេះទេ អាមេរិកនឹងរងការដាក់បន្ទុកចំពោះគ្រប់ផលវិបាកទាំងអស់»។
គួររំឭកផងដែរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន កងទ័ពកូរ៉េខាងត្បូង បានបញ្ចប់សមយុទ្ធ Hoguk 22 រយៈពេល ១២ថ្ងៃ ដែលខ្លះត្រូវធ្វើឡើងជាមួយកងកម្លាំងសហរដ្ឋអាមេរិកផងដែរ។ កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធរួមគ្នានេះ ថាជាការហាត់សមសម្រាប់ការឈ្លានពាន និងជាភស្តុតាងនៃគោលនយោបាយអរិភាពរបស់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។ ជាការឆ្លើយតប កូរ៉េខាងជើងធ្វើសមយុទ្ធតាមអាកាស និងបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានព្រងើយកន្តើយនឹងការអំពាវនាវម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក ឱ្យបន្តការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយជំនួសមកវិញ ប្រទេសនេះបានបង្កើនការសាកល្បងមីស៊ីលផ្លោង ហើយថែមទាំងបាញ់មីស៊ីលរំលងប្រទេសជប៉ុនទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃចន្ទ បានរំឭកឡើងវិញនូវការអំពាវនាវឱ្យកូរ៉េខាងជើងត្រលប់ទៅរកកិច្ចចរចា ហើយបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ មិនមានការផ្លាស់ប្តូរទេ៕
ដោយ៖ហួន ឌីណា ប្រភព៖ North Korea demands the US, South Korea halt joint military drills