​បៃ​ដិន​ចោទ​ក្រុម​ហ៊ុន​ប្រេង​ថា​កេង​ចំណេញ​ពី​សង្រ្គាមនៅ​អ៊ុយក្រែន​​ហើយ​គំរាម​​យក​ពន្ធ​ឱ្យ​ច្រើន

អាមេរិក៖ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​  កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ៣១ ខែ​តុលា​ បានគំរាម​​​យក​ពន្ធ​ខ្ពស់​លើ​ប្រាក់​ចំណេញ​ថ្មី​​ពី​ក្រុមហ៊ុន​ប្រេងនិង​​ហ្គាស​ធំ​​ៗ​ លុះ​ត្រា​តែ​ពួក​គេ​បង្កើន​​ផលិតកម្ម​​ដើម្បី​ទប់​ស្កាត់​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​​​ដែល​សំខាន់​ខ្លាំង​សម្រាប់​រដ្ឋបាល​បៃដិន​មុន​ពេល​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​ក្រោយ​។ ​

លោក​ប្រធានាធិបតី​ ​បាន​​រិះ​គន់​​ក្រុម​ហ៊ុន​​យក្ស​ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​ចុង​ក្រោយ​បំផុត ដែល​លោក​បាន​ហៅ​ថា​ជា​ក្រុមហ៊ុន​ដ៏​គួរ​ឲ្យ​សង្វេគ​ដែលកេងប្រវ័ញ្ចពី​ សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​បាន​ព្រមាន​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រាក់​នេះ​ដើម្បី​ពង្រីក​ការផ្គត់ផ្គង់​ប្រេងឬ​ប្រគល់​វា​ឲ្យ​អ្នកប្រើប្រាស់​វិញ​ក្នុង​ទម្រង់​នៃ​ការ​កាត់បន្ថយ​តម្លៃ​ប្រេង។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ខណៈ​ដែល​ក្រុមហ៊ុនថាមពល​​យក្ស​មួយ​ចំនួន​​រាយការណ៍​ពី​កំណើន​នៃ​ប្រាក់​ចំណូល​ លោក​ បៃដិន​ បាន​ចោទ​ប្រកាន់​ថា​ទាំង​នោះ​ ថា​កេង​យក​ផល​ប្រយោជន៍​ពី​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​។ លោក​ព្រមាន​ឱ្យ​ក្រុមហ៊ុន​ប្រើ​ប្រាស់ប្រាក់ចំណេញដើម្បីពង្រីកផលិត​កម្ម​​ប្រេង​ ឬ​បន្ថយ​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ៍​ចាក់​សាំង​ ឬ​ហ្គាស​។

លោក បៃដិន​ ថា​៖ «​ប្រសិន​​បើ​ពួក​គេ​ (បណ្ដា​ក្រុម​ហ៊ុន​​) មិន​​​ធ្វើ​​ទេ​​ ពួក​គេ​នឹង​បង់​ពន្ធ​ខ្ពស់​លើ​ប្រាក់​ចំណេញ​លើស​​​ ហើយ​ប្រឈម​មុខ​នឹង​ការ​រឹត​បន្តឹង​ផ្សេង​ទៀត​»​។​ លោក​បន្ត​ថា​៖ «​ក្រុម​ការងារ​របស់​ខ្ញុំ​ នឹង​ធ្វើ​ការ​ជាមួយ​សភា​ ដើម្បី​ពិនិត្យ​មើល​ជម្រើស​ទាំង​នេះ​ដែល​មាន​សម្រាប់​យើង​ និង​អ្នក​ដទៃ​។​ វា​ដល់​ពេល​ហើយ​ សម្រាប់​ក្រុម​ហ៊ុន​ទាំង​នេះ​ ​បញ្ឈប់​ការ​កេង​ចំណេញ​ពី​សង្គ្រាម ​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​​ប្រទេស​ ​​​​ឱ្យ​ប្រជាជន​អាមេរិក​បានស្រួល​​ ហើយ​នៅ​តែ​បំពេញ​តួនាទី​​យ៉ាង​ល្អ​»។  ​

គេ​មើល​ឃើញ​ថា​ ការ​ដាក់​បន្ទុក​ថ្មី​​របស់​លោក​ បៃដិន​ ទៅ​លើ​​​ឧស្សាហកម្ម​ថាមពល​ បាន​ធ្វើ​ឱ្យ​អ្នក​សេរី​និយម​នៅ​ក្នុង​គណបក្ស​របស់​​លោក​ដែល​​ជំរុញ​ឱ្យ​​លោក​ចាត់​វិធានការ​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ មាន​ការ​ពេញ​ចិត្ត​។​ប៉ុន្តែ​​វា​មាន​វិធី​​ជា​ច្រើន​ផ្សេង​ទៀត​​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ប្រេងជា​ជាង​​​បញ្ជា​គោលនយោបាយ​​ជាក់​ស្តែង​សម្រាប់​រយៈ​ពេល​ខ្លី​ ​ខណៈ​ភាព​​ស្រពិច​ស្រពិល​​​​នឹង​មាន​កាន់​តែ​ខ្លាំងនៅ​ក្នុង​សភា​អាមេរិក​​ ប្រសិន​បើ​​គណបក្ស​សារធារណៈ​រដ្ឋ​ឈ្នះ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​។

នា​ពេល​កន្លង​មក​ លោក​ បៃដិន​ បាន​​ខ្នះ​ខ្នែង​យ៉ាង​ខ្លាំង ​ក្នុង​ការ​បង្វែ​រ​ការ​ខឹង​សម្បារ​ជា​សាធារណៈដោយ​សារ​តែ​​​​តម្លៃ​​ប្រេង​ខ្ពស់​ ​​​ឱ្យ​ដាក់​បន្ទុក​លើ​ឧស្សាហកម្ម​ប្រេង​ដែល​មិន​ព្រម​ធ្វើ​ការ​អំពាវនាវ​របស់​លោក​ ឱ្យ​បង្កើន​ផលិតកម្ម​​បូម​ប្រេង​។ ​ទោះ​បី​ជា​តម្លៃ​​ប្រេង​​នៅ​ស្ថានីយ​ចាក់​សាំង​ បាន​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងពី​ជាង​ ៥ ដុល្លារ​នៅ​រដូវ​ក្ដៅ​មក​ត្រឹម​ជាង​ ៣ ដុល្លារ​ ​នាពេល​នេះ​ក្ដី​ ​វា​នៅ​តែ​ខ្ពស់​ជាង​ពេល​​លោក​ បៃដិន​ ចូល​កាន់​តំណែង​ ហើយ​តម្លៃ​ខ្ពស់​នេះ​ហើយ​ដែល​រួម​ចំណែក​​លើ​អត្រា​អតិផរណា​ខ្ពស់​​នៅ​អាមេរិក​ មិន​ធ្លាប់​មាន​ជិត​៤​ទសវត្សរ៍​។

​ខណៈ​លោក​ បៃដិន​ ​ព្រមាន​លើ​ក្រុម​ហ៊ុន​ប្រេង​ គណបក្ស​សាធារណរដ្ឋ​បានធ្វើ​ការ​​វាយ​ប្រហារ​ ដោយ​លើក​ឡើង​ថា​ គោល​នយោបាយ​របស់​​​លោក​ បៃដិន​ ​​​បំបាក់​​ទឹក​ចិត្ត​​ឧស្សាហកម្ម​​ថាមពល​ ​ពី​ការ​​ពង្រីក​​សមត្ថភាព​របស់​ពួក​គេ​។

សភា​តំណាង​រដ្ឋ​តិចសាស់​ និង​ជា​​មន្រ្តី​កំពូល​បក្ស​សាធារណរដ្ឋ​នៅ​គណៈកម្មាធិការ​វិធី​ និង​មធ្យោបាយ​​សភា​ លោក​ ​​ Kevin Brady បាន​ថ្លែង​ថា​៖ «​​តើ​ក្រុម​គ្រួសារ​ជន​ជាតិ​អាមេរិក​ មិន​​ទាន់​​រង​ទុក្ខ​គ្រប់​​ពី​ការ​វាយ​ប្រហារ​​បំផ្លាញ​ថាម​ពល​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ បៃដិន​ ទេ​ឬ?»។ លោក​ បន្ត​ថា៖ «​ដោយ​​សារ​តែ​​ត្រដាប​ត្រដួស​ក្នុង​​ការ​​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ឥឡូវ​នេះ​​លោក​ (បៃដិន​) ​កំពុង​ស្នើ​សុំ​គោល​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត​ ដែល​នឹង​បង្កើន​តម្លៃ​ថាមពល​ និង​ភាព​ក្រីក្រ​ដោយ​សារ​ថាមពល​ ខណៈ​​ធ្វើ​ឱ្យ​អាមេរិក​កាន់​តែ​ងាយ​រង​គ្រោះ​ចំពោះ​បរទេស​ សម្រាប់​តម្រូវការ​ថាមពល​ប្រចាំ​ថ្ងៃ​របស់​យើង​»​។

បន្ថែម​ពី​លើ​​នេះ​ ក្រុម​អ្នក​ខាង​​ឧស្សាហកម្ម​ប្រេង​ បាន​ចោទ​ប្រកាន់​​លោក​ បៃដិន​ ថា​យក​​​​​បញ្ហា​ប្រេង​ធ្វើ​​នយោបាយ​ ទោះ​បី​ជា​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​​ ១/៤ ពី​ចំណុច​ខ្ពស់​បំផុត​រួច​ហើយ​ក្ដី​។ ​​ប្រធាន​វិទ្យាស្ថាន​ប្រេង​អាមេរិក​ ដែល​ជា​ក្រុម​ពាណិជ្ជកម្ម​ លោក​ Mike Sommers ​ បាន​ថ្លែង​ថា​៖ «​​​ជា​ជាង​​យក​​មុខ​មាត់​លើ​​ការ​ធ្លាក់​ចុះ​តម្លៃ ហើយ​​ផ្លាស់​ប្តូរ​ការ​ស្តី​បន្ទោស​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ ​រដ្ឋ​បាល​បៃដិន​ ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​អតុល្យភាព​នៃ​ការ​ផ្គត់​ផ្គង់​ និង​តម្រូវការ​ ដែល​​​​បង្ក​ឱ្យ​​​តម្លៃ​​​ប្រេង​​ឡើង​​ខ្ពស់​ និង​​បង្កើត​​​​​បញ្ហា​​ប្រឈម​​ថាមពល​​រយៈ​ពេល​​វែង​»​។​

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​​​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​របស់​លោក​ បៃដិន​ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីបណ្ដា​​ក្រុមហ៊ុន​​ប្រេង​យក្សក្នុង​ស្រុក​​អាមេរិក​​ ចេញ​របាយការណ៍​​អំពី​ប្រាក់​ចំណេញ​​រយៈ​ពេល​៣​ខែ​​​របស់​ខ្លួន​។ ក្រុម​ហ៊ុន​ Exxon Mobil ​រក​​ប្រាក់​ចំណេញ​ជិត​ ២០ ប៊ីលាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​​៣​ នៃ​ឆ្នាំ​នេះ​ ដែល​ខ្ពស់​ជាង​ត្រីមាស​មុន​រហូត​ដល់​ ១០ ភាគរយ​។ ចំណែក​​ក្រុមហ៊ុន​ Chevron វិញ​ ​រក​​ប្រាក់​ចំណេញ​ចំនួន​ ១១,២ ប៊ីលាន​​ដុល្លារ​ ​ខណៈ​ក្រុមហ៊ុន​​ Shell ​និង​ Total Energies ​ដែល​មាន​ប្រភព​ពី​អឺរ៉ុប​ ​​រាយការណ៍​ពី​ប្រាក់​ចំណូល​ស្រដៀង​គ្នា​​ថា​ ប្រាក់​ចំណេញ​បាន​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

​ក្រុមហ៊ុន​ប្រេង​ធំ​ជាង​គេ​ទាំង​៥​នៅ​អាមេរិក​ រក​បាន​ប្រាក់​ចំណេញ​ជាង​ ៥០ ប៊ីលាន​ដុល្លារ​​ក្នុង​ត្រីមាស​​ទី​​២​ ហើយ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​រាយការណ៍​ថា​ ប្រាក់​ចំណូល​សុទ្ធ​សរុប​​ក្រុម​ហ៊ុន​អ្នក​ផលិត​ប្រេង​ និង​​ហ្គាស​របស់​ពិភព​លោក​ នឹង​កើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​នេះ​​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ​​រហូត​ដល់​ ៤ ទ្រី​លាន​ដុល្លារ​។ ​

​ចំណែក​មន្ត្រី​សេតវិមានអាមេរិក​វិញ​ ​​បាន​អះ​អាង​​ថា​ ក្រុមហ៊ុន​ធំ​ៗ​ជាង​​ពាក់​កណ្តាល​​ ទទួល​​បាន​ប្រាក់​ចំណេញ​​​​ក្នុង​​រយៈ​​ពេល​​៦​​ខែ​​កន្លង​មក​នេះ ច្រើន​ជាង​ប្រាក់​ចំណេញ​ដែល​គេ​ទទួល​បាន​កាល​ពី​ឆ្នាំ​មុន​ទាំង​មូល​​ ​និង​ច្រើន​ជាង​២​ដង​កន្លះ​ នៃ​ប្រាក់​ចំណេញ​​ដែល​ពួក​គេ​ទទួល​បាន​នៅ​ក្នុង​ត្រីមាស​ដូច​គ្នា​នៃ​ឆ្នាំ​ ២០២១​។ លោក ​បៃដិន​ ថ្លែង​ថា​ ប្រសិន​បើ​ឧស្សាហកម្ម​​ប្រេង​គ្រាន់​តែរក​​ប្រាក់​ចំណេញ ក្នុង​​​កម្រិត​ដូច​គ្នា​ដែល​ខ្លួន​មានរក​បាន​ក្នុង​​រយៈ​ពេល​ ២០ ឆ្នាំមក​នេះ​​​ នោះ​អ្នក​ប្រើ​ប្រាស់​នឹង​ចំណាយ​តិច​ជាង​ ៥០ សេន​​លើ​ប្រេង​មួយ​ហ្គាឡុង​។  ​​

គួរ​បញ្ជាក់​ថា​ ​តម្លៃ​ប្រេងនៅ​អាមេរិក​​នា​ពេល​បច្ចុប្បន្ន​ជា​មធ្យម​គឺ​ ៣,៧៦ ដុល្លារ​/ហ្គាឡុង​ ពោល​គឺតិច​ជាង​ ១,២៥ ដុល្លារ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​​កំពូល​នៃ​ខែ​មិថុនា​ ប៉ុន្តែ​វា​នៅ​តែ​លើស​ពី​តម្លៃ​ ២,៣៩ ដុល្លារ​/ហ្គាឡុង​ នៅ​ពេល​លោក​ បៃដិន​ ចូល​កាន់​ដំណែង​។ នេះ​បើ​តាម​ការ​ស្រង់​ទិន្នន័យ​របស់​កាសែត​ញូវយកថែមស៍​ ពី​​សមាគម​រថយន្ត​អាមេរិក​ (AAA) ដែល​វិភាគ​លើ​តម្លៃ​ប្រេង​​។  ​

បញ្ហា​​ប្រឈម​លើ​តម្លៃ​ប្រេង​សម្រាប់​លោក​ បៃដិន​ ក៏​កាន់​តែ​តាន​តឹង​ផង​ដែរ​ បន្ទាប់​ពី​អង្គការ​សម្ព័ន្ធ​ភាព​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​អូប៉ិច​ ប្រកាស​កាត់​បន្ថយ​​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ត្រឹម​ ២លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រមាន​ពី​ការ​ហក់​ឡើង​ជា​ថ្មី​នៃ​តម្លៃ​ប្រេង​ពិភព​លោក​រួម​ទាំង​សហរដ្ឋ​អាមេរិក​។​ ​នាយក​ប្រតិបត្តិ​​​ឧស្សាហកម្ម​ខ្លះ​ ​បាន​​​អះ​អាង​​​​ថា​ សំណើ​​​ពី​ការ​តម្លើង​ពន្ធ​នៅ​ថ្ងៃ​ចន្ទ​​របស់​​លោក​ បៃដិន​​នឹង​មិន​បង្កើន​ការ​ផ្គត់ផ្គង់​ទេ។ ប្រធាន​ក្រុមហ៊ុន​ប្រេង​អាមេរិក​ Montalban Oil and Gas ​លោក​ Patrick Montalban ​​ប្រាប់​កាសែត​ញូវយ៉កថែមស៍​​ថា​៖ «​វា​ជា​គំនិត​ដ៏​អាក្រក់​មួយ​ ហើយ​ការ​គិត​​មិន​វែង​ឆ្ងាយ​។​ វា​(ការ​បន្ថែម​ពន្ធ​)​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នានា​ដក​ខ្លួន​ចេញ​ពី​ការ​រុក​រក​ និង​ផលិត​ប្រេង​ និង​ហ្គាស​ក្នុង​ស្រុក​។​ សរុប​ទៅ​ វា​ជា​រឿង​នយោបាយ​»។​

យ៉ាង​ណា​ក៏​ដោយ​ សមាជិក​បក្ស​​​​ប្រជាធិបតេយ្យ​របស់​លោក​ បៃដិន​ ​​​បាន​​សាទរ​​ចំពោះ​ការ​ស្នើ​របស់​លោក​​។​ ​សមាជិក​ព្រឹទ្ធ​សភានៃ​រដ្ឋ Rhode Island លោក​​​ Sheldon Whitehouse ​បាន​ថ្លែង​ថា​៖ «​វា​ដល់​ពេល​ហើយ​ សម្រាប់​សភា​​ក្រោក​ឈរ​ឡើង​ចំពោះ​ក្រុមហ៊ុន​ប្រេង​ធំ​ ហើយ​នាំ​មក​នូវ​​ភាព​ធូរ​ស្បើយ​សម្រាប់​​អ្នក​ប្រើ​ប្រាស់»​។ យ៉ាង​ណា​មិញ​ ក៏​មាន​ពួក​សេរី​និយម​ខ្លះ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ ដោយ​​ហេតុ​ថា​ ការ​បង្កើន​​ផលិតកម្ម​ប្រេង​ ធ្វើ​ឱ្យ​អាមេរិក​កាន់​តែ​ពឹង​ផ្អែក​លើ​​​ឥន្ធនៈ​ហ្វូស៊ីល​​ ហើយ​​មិន​អាច​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​​អាកាស​ធាតុ​៕ ​

ដោយ៖ហួន ឌីណា

ប្រភព៖ Biden Accuses Oil Companies of ‘War Profiteering’ and Threatens Windfall Tax www.nytimes.com

Biden suggests extra tax on energy giants if they don’t reduce gas prices www.washingtonpost.com

Biden issues a warning as he accuses oil and gas companies of ‘war profiteering’ off Russia’s invasion of Ukraine edition.cnn.com

ads banner