ការរៀបចំជួសជុលនិងកែលម្អផ្លូវមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន ស្ទើរតែរួចរាល់
ភ្នំពេញ៖ការរៀបចំអ៊ុតកៅស៊ូ AC និងអ៊ុតគំនូសចរាចរ ក្នុងមហាវិថី សហព័ន្ឋរុស្ស៊ី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន សម្រេចបាន ៨០ភាគរយទៅ៩០ភាគរយហើយ។នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី០១ខែវិច្ឆឆ្នាំ២០២២។
លោក កើ ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំអាស៊ានខាងមុខនេះ ខាងអាជ្ញាធរកំពុងជួសជុលផ្លូវឡើងវិញឲ្យស្អាត មានអ៊ុតកៅស៊ូ កែលម្អសួន និងអ៊ុតគំនូសចរាចរនៅបណ្ដាលផ្លូវមួយចំនួនដូចជា ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវស៊ីសុវត្ថិ និងផ្លូវទៅសណ្ឋាគារសុខាជាដើម។
លោកអភិបាលរងបន្តថា៖ «ក្នុងពេលប្រជុំអាស៊ានហ្នឹង សុំឱ្យប្រជាពលរដ្ឋយើង ចូលរួមទាំងអស់គ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកមុខមាត់ក្នុងប្រទេសយើង»។
លោកបន្តថា ប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរទាំងឡាយណាដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីរក្សាសណ្ដាប់ធ្នាប់។
ចំណែកលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ថាមកទល់ពេលនេះ ការដ្ឋានអ៊ុតកៅស៊ូ AC និងអ៊ុតគំនូសចរាចរ នៅលើមហាវិថី សហព័ន្ឋរុស្ស៊ី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៨០%ទៅ៩០%ហើយ។ ការរៀបចំនេះ គឺដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកថា៖ «មុនកិច្ចប្រជុំអាស៊ានចាប់ផ្ដើម កិច្ចការទាំងអស់ហ្នឹងត្រូវសម្រេចឲ្យបាន១០០ភាគរយទាំងអស់»។ ហើយយើងក៏មិនទាន់ប្រាកដថា ថ្ងៃណារួចរាល់ដែរ។ ប៉ុន្តែកិច្ចការទាំងអស់នេះ ប្រាកដថានឹងហើយមុនពេលមានកិច្ចប្រជុំ»។
លោកបន្ថែមថា ការជួសជុល និងកែលម្អនៅលើផ្លូវទាំងអស់នេះ មិនមានជាបញ្ហារាំងស្ទះឡើយ ពីព្រោះអាជ្ញាធរមានផែនការក្នុងការធ្វើកិច្ចការទាំងអស់នេះ។ ហើយនៅសល់ជាង១០ភាគរយទៀត ប្រហែល៣ឫ៤ថ្ងៃទៀត នឹងរួចរាល់ហើយ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំដែលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ៕
ដោយ៖ជា សុខនី