អតីតអ្នកជំងឺ«ជំងឺមហារីកសុដន់» ជំរុញឱ្យស្ត្រីដែលសង្ស័យថា ខ្លួនមានជំងឺ ក្លាហានស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អតីតអ្នកជំងឺដែលធ្លាប់ឈឺជំងឺមហារីកសុដន់ បានជំរុញឱស្ត្រីដែលសង្ស័យថាខ្លួនឈឺក្លាហានស្វែងរកការព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា។ ការថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «តោះ! និយាយពីជំងឺមហារីក»កាលពីថ្ងៃទី២៩ខែតុលាកន្លទៅ នៅឯដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅចំពោះមុខនិស្សិតដែលចូលរួមស្ដាប់ប្រមាណជាង១០០នាក់អ្នកស្រី រៀម សុខចំរើន ប្រាប់ថា គាត់ជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។អ្នកស្ត្រីកាន់ក្បាលមេក្រូ ធ្វើជាវាគ្មិនមួយរូបដែលចូលរួមបចែករំលែកនូវបទពិសោធន៍នៃការឆ្លងកាត់ការព្យាបាលរបស់ខ្លួនរហូតបានជោគជ័យ។

ស្ថិតក្នុងសម្លៀកបំពាក់ខោសាច់ក្រណាត់ពណ៍ទឹកប៊ិកជាមួយអាវស អ្នកស្រី រៀម សុខចំរើន រៀបរាប់ទាំងអួលដើមក អំពីមូលហេតុដែលជំរុញទឹកចិត្តក្នុងការងើបតតាំងជាមួយជំងឺដ៏កាចសាហាវដែលសំងំក្នុងខ្លួនអ្នកស្រី។

អ្នកស្រី រៀម សុខចំរើន៖ «ពេលដឹងថាខ្លួនមានជំងឺនេះភ្លាម ខ្ញុំលែងមានចិត្តចង់បន្តការងារអ្វីទាំងអស់! គោលដៅជីវិតដែលមានទាំងប៉ុន្មាន ខ្ញុំទម្លាក់ចោលទាំងអស់ គិតតែម្យ៉ាងគត់គឺគោលដៅក្នុងការរស់ឱ្យបានមួយថ្ងៃៗ»។

អ្នកស្រីបញ្ជាក់ថា ខ្លួនពុំបានដឹងទេថានឹងត្រូវប្រឈមបែបណាជាមួយជំងឺ ព្រោះធ្លាប់តែបានលឺតៗគ្នាមកថា អ្នកកើតជំងឺមហារីកគឺពិបាកនឹងមានសង្ឃឹមរស់ណាស់។ ប៉ុន្តែយ៉ាងណា អ្នកស្រីបានជំនះទៅជួបគ្រូពេទ្យដើម្បីស្វែងយល់ពីអាការៈរបស់ខ្លួន ក៏ដូចជាវិធីព្យាបាល។

អ្នកស្រីបន្ថែម៖ «គ្រូពេទ្យគឺជាផ្នែកមួយដ៏សំខាន់ណាស់ ព្រោះពួកគាត់ជាអ្នកព្យាបាលយើង»។ គ្រូពេទ្យមិនបានបន្ទោស ឬប្រើប្រាស់ពាក្យសម្ដីមិនសមរម្យណាមួយទេ ពោលគឺគ្រូពេទ្យនៅតែព្យាយាមស្ដាប់ពីបញ្ហា និងលើកទឹកចិត្តជានិច្ចថាជំងឺនេះនឹងអាចព្យាបាលបាន»។

ឆ្លងការការពិគ្រោះជំងឺនិងព្យាបាលបានត្រឹមត្រូវ អ្នកស្រី បានជាសះស្បើយពីជំងឺនេះ។  អ្នកស្រីបានជំរុញឱ្យសិស្សនិស្សិតដែលចូលរួមព្យាយាមយកចិត្តទុកដាក់ឱ្យមែនទែនលើសុខភាព ជាពិសេសគឺជំងឺមហារីកសុដន់នេះ ដើម្បីស្វែងរកសេវាព្យាបាលឱ្យទាន់ពេលវេលាជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកស្រីអះអាងថា បន្ទាប់ពីព្យាបាលបានជាសះស្បើយរូបគាត់ បាននិពន្ធសៀវភៅមួយក្បាលរៀបរាប់អំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់ការព្យាបាលជំងឺមហារីកសុដន់ ដែលសៀវភៅនោះមានចំណងជើងថា«ស្នាមកាំបិត» ដើម្បីចែករំលែងពិបទពិសោធន៍នេះទៅដល់បណ្ដាជនផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត នាយករងនិងសហស្ថាបនិក  គ្លីនិកឯកទេសមហារីកចក្រា ជាវាគ្មិនមួយរូបដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះផងដែរ មានប្រសាសន៍ថា លោកផ្ទាល់ភាគច្រើនបានទទួលព្យាបាលអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។

លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េតបន្តថា៖​ «អ្នកជំងឺដែលមកជួបខ្ញុំកម្រមានណាស់ អ្នកដែលនៅក្នុងដំណាក់កាលទី១ ឬទី២ (early stage) ភាគច្រើនមកដោយឈឺទ្រាំលែងបានទៅហើយ»។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ដំណាក់កាលដែលជំងឺមហារីកសុដន់ចាប់ផ្ដើមបង្កការឈឺចាប់ហើយ ភាគច្រើនបានវិវត្តដល់ដំណាក់កាលទី ៣​ ឬទី៤ ដែលដំណាក់កាលនេះរាប់ចូលជាជំហានមួយដែលការព្យាបាលមានភាគរយជាតិចតួច។​

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «នេះក៏ដោយសារតែប្រជាជនខ្វះចំណេះដឹងលើការថែទាំសុខភាពដោយខ្លួនឯង ខ្វះការត្រួតពិនិត្យសុដន់របស់ខ្លួន ដែលជាការធ្វេសប្រហែសនាំឱ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។»

កញ្ញា លី សុជាត្តា ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត១០០នាក់ទៀត ដែលបានចូលរួមក្នុងសិក្ខាសាលា «និយាយពីជំងឺមហារីក» នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញដែរនោះបានរៀបរាប់ថា កញ្ញាបានយល់ដឹងច្រើនបន្ទាប់ពីចូលរួមស្ដាប់វាគ្មិនចែករំលែកក្នុងរយៈពេល៣ម៉ោងកន្លងទៅ។

កញ្ញា លី សុជាត្តាបញ្ជាក់៖ «កាលមុនខ្ញុំមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេរឿងជំងឺមហារីកសុដន់នេះ ប៉ុន្តែបន្ទាប់ពីស្ដាប់លោកគ្រូពេទ្យពន្យល់ និងបងស្រីដែលធ្លាប់កើតជំងឺមហារីកមក ខ្ញុំបានយល់ដឹងច្រើន»។

យ៉ាងហោចណាស់ កញ្ញាបានដឹងពីរបៀបក្នុងការត្រួតពិនិត្យរាងកាយរបស់ខ្លួនជាប្រចាំ និងបានដឹងថាត្រូវទាក់ទងសួរវេជ្ជបណ្ឌិតបែបណានៅពេលមានការសង្ស័យលើរោគសញ្ញាជំងឺមហារីកនៅថ្ងៃអនាគត។

នៅកម្ពុជា ២៣ភាគរយនៃចំនួនប្រជាជនបានស្លាប់មុនអាយុ៧០ឆ្នាំដោយសារជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងដែលរួមមាន ជំងឺសរសៃឈាមបេះដូង ២៤ភាគរយ ជំងឺមហារីក ១៤ភាគរយជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៤ភាគរយ និងជំងឺទឹកនោមផ្អែម២ភាគរយ។ តាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ក្រសួងសុខាភិបាលបង្ហាញថា ជំងឺមហារីកដែលនាំមុខគេសម្រាប់ស្ត្រីគឺមហារីកសុដន់ ២០.២៥ភាគរយបន្ទាប់មកគឺមហារីកមាត់ស្បូន ១៨.៩៣ភាគរយ មហារីកពោះវៀនធំ ៤.៧៧ភាគរយនិងមហារីកសួត៤.៦១ ភាគរយនិងមហារីកថ្លើម ៣.៤៣ភាគរយ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០១៥ បង្ហាញថា អត្រាជំងឺមហារីកចំពោះមនុស្សវ័យចំណាស់របស់កម្ពុជានឹងកើនឡើងជិត ៣០០ភាគរយ – លឿនជាងបណ្តាប្រទេសអាស៊ានដទៃទៀត ក្នុងនោះប្រទេសកម្ពុជាក៏មានអត្រាមរណភាពដោយសារជំងឺមហារីកខ្ពស់បំផុតនៅក្នុងតំបន់ផងដែរ៕

ដោយ៖ កែវ បុស្បា

ads banner