សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតបនឹងអ្នករិះគន់ចំពោះតែងតាំងរដ្ឋមន្ត្រីកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតបទៅនឹងអ្នករិះគន់មួយចំនួនដែលបញ្ចេញមតិមិនពេញចិត្តនិងរិះគន់រដ្ឋាភិបាលលើករណីតែងតាំងឯកឧត្តម ឌិត ទីណា ដែលជាវិស្វកររ៉ែ ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពុំធ្លាប់បម្រើការក្នុងវិស័យនេះពីមុនមក​។

នាពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាងប្រាំមួយពាន់នាក់នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០២២ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លៀតរំលេចនូវទស្សនៈរបស់សម្តេចពាក់ព័ន្ធទៅនឹងមតិរិះគន់កន្លងមកចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការតែងតាំងឯកឧត្តម ឌិត ទីណា ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសម្ដេចតេជោ ហ៊ុន សែន ថា ជាមតិរិះគន់របស់អ្នកខ្វះការចេះដឹង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងអង្គពីធីដូច្នេះថា៖ «អ្នកខ្លះ បានលើកជាមតិថា មន្ត្រីកសិកម្មមួយគ​គោក មិនយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណា ទៅធ្វើរដ្ឋមន្ត្រីកសិកម្ម។ ជាការល្អហើយរដ្ឋមន្ត្រីកសិកម្មគាត់បង្រៀនត្រឡប់ទៅវិញ។ អ្នកឯងចេះកសិកម្ម ចេះអស់នៅ? ស្អីខ្លះកសិកម្មនោះ? និយាយឱ្យវាច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ»។

សម្តេចតេជោបានពន្យល់ថា វិស័យកសិកម្មមានភាពទូលំលាយណាស់ ដែលមិនរាប់ត្រឹមការធ្វើស្រែចំការ ដាំដុះតែមួយមុខនោះឡើយ ដែលវាមានវិសាលភាពទូលាយ ដែលលោកគូសបញ្ជាក់ថា៖« ជនដែលរិះគន់ការតែងតាំងនេះ បានយល់ដឹងពីកសិកម្មអស់ហើយនៅ?» ដែលសម្តេចតេជោបានចាត់ទុកអ្នករិះគន់ចំពោះបញ្ហានេះ ជាជនខ្វះការយល់ដឹង ចំពោះនិយមន័យពិតប្រាកដរបស់ ភាពជាអ្នកដឹកនាំ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ក្នុងនាមសម្ដេចជាអ្នកនាយករដ្ឋមន្ត្រី សម្ដេចក៏មិនអាចចេះដឹងសព្វយ៉ាងលើវិស័យទាំងអស់ក្នុងប្រទេសផងដែរ ។ប៉ុន្តែភាពចាំបាច់ដែលអ្នកដឹកនាំត្រូវមានគឺ ចេះប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។ បញ្ហាវា នៅត្រង់ហ្នឹង។ ខ្ញុំមិនប្រដៅ ចំពោះអ្នកវិភាគ ឬអ្នកលើកឡើងនោះទេ ក៏ប៉ុន្តែខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថា វាទាល់តែជំនាញកសិកម្ម ទើបសមរម្យ» ។

ជុំវិញករណីនេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា (CYN) យល់ស្របចំពោះការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ចំពោះការតែងតាំងរដ្ឋមន្ត្រីនេះដែលលោកថា មិនចាំបាច់ទាល់តែមានជំនាញខាងវិស័យដែលខ្លួនត្រូវកាន់កាប់នោះឡើយ ។ ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្រសួង ឬមន្ទីរ នីមួយៗក៏ចាំបាច់មានចំណេះដឹង និងជំនាញប្រហាក់​ប្រហែលផងដែរ និងជាពិសេសគុណតម្លៃនៃភាពជាអ្នកដឹកនាំ។

ជាមួយគ្នានេះដែរ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលលោកជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិវិញ យល់ស្របលើទស្សនៈរបស់សម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្តែលោកថា គេក៏មិនអាចយកអ្នកជំនាញដាច់ឆ្ងាយឱ្យទៅធ្វើថ្នាក់ដឹកនាំនោះបានដែរ។

កាលពីថ្ងៃទី ១៧ ខែតុលានៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងកសិកម្មឯកឧត្តម ឌិត ទីណា លើកឡើងថា ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគឺជាអាទិភាពនៃការចូលមកកាន់ការងារថ្មីរបស់លោក។

លោកបន្តថា បើទោះបីជាលោកមិនទាន់មានបទពិសោធក្នុងវិស័យកសិកម្មក្តី តែលោកជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងចំនួនពីររួចទៅហើយ គឺក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងពាណិជ្ជកម្ម។លោកប្តេជ្ញាថានឹងជួយជ្រោមជ្រែងកសិករ និងវិស័យកសិកម្មកម្ពុជាឱ្យមានភាពរីកចម្រើនលើកិច្ចការសំខាន់ៗមួយចំនួន ដែលរួមមានការស្វែងយល់ពីទីផ្សារកសិកម្ម និងតម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម។

កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា ​រដ្ឋសភាបាន​បោះ​ឆ្នោត​ផ្ត​ល់សេចក្តី​ទុក​ចិត្ត​លើការ​បំពេញ​បន្ថែម ជាសមា​ជិក​រដ្ឋាភិបាល​ដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ជាឯកច្ឆន្ទ បន្ទាប់ពីរដ្ឋាភិបាលបញ្ចប់តំណែងលោក វេង សាខុន ។​ឯកឧត្តម ឌិត ទីណា ជាបញ្ញវន្ត ដែល​ទទួល​បាន​ការសិក្សា​ទាំង​នៅប្រទេស​កម្ពុជា និងនៅ​ប្រទេស​បារាំង ។​លោក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញា​បត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​រូបវិទ្យា នៅសាកល​វិទ្យាល័យ Orsay ប្រទេស​បារាំង និង​ទទួល​បាន​សញ្ញាបត្រ​វិស្វក​រ​រ៉ែ ពីសាលា​ជាតិ​រ៉ែ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅឆ្នាំ​ ២០០២ មុននឹង​ត្រឡប់​មក​បម្រើការងារ​នៅក​ម្ពុជា។

ឯកឧត្តម ឌិត ទីណា កំពុងបំពេញការងារក្នុងនាមជារដ្ឋមន្ត្រីកសិកម្មដ៏មានសក្តានុពល។ លោកទើបបញ្ចប់បេសកម្មចែកស្រូវពូជដែលលោកចុះទៅដល់មូលដ្ឋានប្រជាកសិករ ,បេសកកម្មនាំផ្លែឈើទៅចិន និងបើកឱ្យមានជំនួបជាបន្តបន្ទាប់ផ្សេងៗទៀតជាមួយភាគីពាក់ព័ន្ធដើម្បីលើកស្ទួយវិស័យកសិកម្ម៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner