អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram រាយ​ការណ៍​អំពី​ការ​កើន​ឡើង​នៃ​ករណី​ផ្អាក​គណនីរបស់ខ្លួន

អន្តរជាតិ៖អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram ជា​ច្រើន​មិន​អាច​ចូល​ទៅ​កាន់​គណនី​របស់​ពួក​គេ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា​ម្សិលមិញ ដោយ​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រុមហ៊ុន Instagram ថា គណនី​របស់​ពួក​គេ​ត្រូវ​បាន​ផ្អាក​លែង​​ឱ្យ​ដំណើរការ ដោយ​សារ​តែ​គណនី​នោះ​បាន​បំពាន​គោលការណ៍​ណែនាំ​សហគមន៍​របស់ Instagram។

Instagram គឺ​ជា​បណ្ដាញ​សង្គម​មួយ ដែល​ស្ថិត​នៅ​ក្រោម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Meta ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​បង្ហោះ​រូបភាពនិង​វីដេអូ និងអនុញ្ញាត​​ឱ្យ​មាន​ការ​ឆ្លើយឆ្លង​គ្នា​តាម​រយៈ​សារ​ជា​សំណេរ​និង​សារ​ជា​សំឡេង​ផង​ដែរ​។ បន្ថែមពី​លើ​នោះ Instagram ទើប​តែ​បាន​បន្ថែមមុខ​ងារ​ទូរសព្ទ​ជា​សំឡេង និង​វីដេអូ ទៅ​ដល់គណនី​របស់​​អ្នក​ប្រើប្រាស់​ ដែលមាន​ចំនួន​ជិត​១​ពាន់​៥រយ​ប៊ីលានគណនី នៅ​ទូទាំងពិភពលោក​។

ជា​ការ​កត់​សម្គាល់ ប៉ុន្មានម៉ោង​បន្ទាប់​ពី​កើត​បញ្ហា​នេះ អ្នក​ប្រើប្រាស់​ដែល​ជួប​បញ្ហា​មួយ​ចំនួន អាច​ចូល​ទៅ​កាន់​គណនី​របស់​ពួក​គេ​ឡើង​វិញ​បាន​ ហើយ​ក្រុមហ៊ុន Meta ដែលជា​ក្រុមហ៊ុនមេគ្រប់គ្រង​បណ្ដាញ​សង្គម Instagram បាន​ជូន​ដំណឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល​នោះ​ថា ដំណើរការ​របស់​បណ្ដាញ​សង្គម​របស់ខ្លួន បាន​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន ក្រុមហ៊ុន Meta បានគូស​បញ្ជាក់​ថា៖ «កាលពីព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្ដាញ​សង្គម Instagram មាន​បញ្ហា​បច្ចេកទេស​ខ្លះ ដែល​បានបណ្តាលឱ្យអ្នកប្រើប្រាស់មួយចំនួន មិន​អាច​ចូលប្រើគណនី Instagram របស់ពួកគេបាន​។ គណនីមួយចំនួនតូច បាត់​បង់​ជា​បណ្ដោះ​អាសន្ន​នូវចំនួនមនុស្សតាមដានពួកគេ។ យើង​បាន​ដោះស្រាយ​បញ្ហានេះ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​រាល់​គ្នា​ដែល​រង​ផល​ប៉ះពាល់ ហើយ​យើង​សូម​អភ័យទោស​ចំពោះ​ការ​រអាក់រអួល​នេះ»។

ជា​ការកត់​សម្គាល់ ភាព​រអាក់រអួល​នៃ​ប្រព័ន្ធបណ្ដាញ​សង្គមបែបនេះ ជាធម្មតា មិន​អូស​បន្លាយ​យូរទេ។ កាលពីខែមុន នៅ​ពេលបណ្ដាញ​សង្គម Instagram ជួប​ភាព​រអាក់រអួល​ដោយ​សារ​តែ​ការ​ដាច់​ភ្លើង ក្រុមហ៊ុន​បានដោះស្រាយបញ្ហា​នេះ​នៅ​ក្នុងរយៈពេលតែ​មួយម៉ោងប៉ុណ្ណោះ​៕
ដោយ៖កែវ កិរិយា

ads banner