រថយន្តហោះដំបូងគេផលិតក្នុងប្រទេសវៀតណាម ចេញលក់លើទីផ្សារ ក្នុងឆ្នាំ២០២៤
ហាណូយ៖ ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងលក់ជាលក្ខណៈពាណិជ្ជកម្ម នៅឆ្នាំ២០២៤។
ក្រុមហ៊ុនបានឲ្យដឹង នៅឯការតាំងពិព័រណ៍ នាពេលថ្មីៗនេះថា រថយន្តអគ្គិសនីហោះ កៅអីទោល ឬហៅថា Airlios អាចហោះហើរបញ្ឈរបាន ដល់ទៅ ១០ ម៉ែត្រ ក្នុងរយៈពេល ១០វិនាទី ហើយបន្ទាប់មក ហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
វាអាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលមានកម្ពស់ដូចនឹងអគារ ៤៤ ជាន់។ វាមានថ្មចំនួន ៨ ដែលត្រូវបានសាកពេញ ក្នុងរយៈពេល៧ ទៅ ៩ នាទី នៅស្ថានីយ៍សាកថ្ម ៣០ គីឡូវ៉ាត់។ ភាគច្រើនផលិតពីអាលុយមីញ៉ូម និងសរសៃកាបូន ហើយអាចហោះហើរបានទាំងដោយស្វ័យប្រវត្តិ និងដោយដៃ។
គំរូមួយ ហោះបានយ៉ាងជោគជ័យក្នុងរយៈចម្ងាយ ៣៣គីឡូម៉ែត្រក្នុងរយៈពេល ២០នាទី ក្នុងរយៈកម្ពស់ក្រោម ១២០ម៉ែត្រ។ វាត្រូវបានសាកល្បងរយៈពេល ១០០ម៉ោង និង ១០០០គីឡូម៉ែត្រ។ គម្រោងនេះសម្រេចបាន ៧០-៨០ ភាគរយហើយ៕ ប្រភពពី VNepress, ដោយ៖ សារ៉ាត


