ក្រសួងយុត្តិធម៌និងម្ចាស់ជំនួយគ្រោងបណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាពបន្ថែមជូន​ចៅ​ក្រម​ព្រះរាជអាជ្ញា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងយុត្តិធម៌ និង  មូលនិធី(KAS)នៃប្រទេសអាល្លឺម៉ង់ពិភាក្សា​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​ការរៀបចំយន្តការអនុវត្ត​គម្រោង​បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព​ដល់ចៅ​ក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹង​វិវឌ្ឍន៍ស្ថានភាព​នៃ​សង្គមថ្មីៗ។

យោងតាមកិច្ចពិភាក្សាមួយរវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និង  មូលនិធិ(KAS)នៃប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែតុលា  បានដាក់ចេញកម្មវិធីបណ្តុះបណ្តាល ជាពីរដំណាក់កាល ៖ ទីមួយ : ការរៀបចំសិក្ខាសាលារួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា​ទៅវិញទៅមក ពីអ្នក​ជំនាញ ចៅក្រម ព្រះរាជអាជ្ញានៃប្រទេសអាឡឺម៉ង់ និងអ្នកជំនាញចៅក្រម ព្រះរាជអាជ្ញា​នៃព្រះរាជាណាចក្រកម្ពុជានៅចុងខែវិច្ឆិកា ខាងមុខនេះ។ទីពីរ ដំណើរទស្សន​កិច្ច​សិក្សា​របស់​ចៅក្រម និងព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាឡឺម៉ង ដើម្បីធ្វើការ​ស្វែងយល់ និងដកបទពិសោធន៍បន្ថែមដោយផ្ទាល់ ពាក់ពន្ធ័ទៅនឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅដើមឆ្នាំ២០២៣។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ការបណ្តុះបណ្តាល និងពង្រឹង​សមត្ថភាពមន្ត្រីរបស់ក្រសួងត្រូវបានធ្វើជាប្រចាំ ព្រោះការវិវឌ្ឍន៍នៃសង្គម គឺថ្មីរហូត ។ ចំណែកឯការវិវឌ្ឍនៃបទល្មើសក៏ថ្មីផងដែរ ដែលទាមទាឱ្យមានការសិក្សាបច្ចុប្បន្នភាព ក្នុងពង្រីកចំណេះ និងជំនាញឱ្យស្របទៅតាម ការវិវឌ្ឍន៍ និងសភាពការណ៍ជាក់ស្តែង។

លោកបន្តថា បច្ចុប្បន្ននេះ អ្វីដែលឈានមកដល់គឺការសំអាតប្រាក់ ការជួញដូរមនុស្ស និងបញ្ហាគ្រឿងញៀន ដែលទាំងអស់នេះ ជាបញ្ហាស្មុកស្មាញ និងមានការឆ្លងដែន ដែលត្រូវទាមទាឱ្យអ្នកអនុវត្តច្បាប់របស់កម្ពុជា ត្រូវមានការយល់ដឹង និងមានសមត្ថភាព​មួយច្បាស់លាស់។

លោកថ្លែងថា៖ « អីចឹងទេ ការបណ្តុះបណ្តាលនេះ ការរៀនសូត្រ និងពង្រឹងសមត្ថភាព ត្រូវបានធ្វើជាប់ជាប្រចាំ ព្រោះសង្គមមានការវិវឌ្ឍន៍រួមទាំងបទល្មើស និងបច្ចេក​វិទ្យាទៀតសោតកើតឡើងថ្មីរហូត»។

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា  ការបើកវគ្គបណ្តាលនេះ គឺជារឿងល្អមួយពីព្រោះយើងដឹងហើយថា  កម្ពុជាមានធនធានមនុស្សដែលជាចៅក្រម  ព្រះរាជអាជ្ញា មន្ត្រីក្រសួងយុត្តិធម៌ច្រើនក៏ពិតមែន ប៉ុន្តែ  អ្វីដែលសំខាន់គឹការបណ្តុះបណ្តាលបន្ថែម ដើម្បីបំពេញនូវវិជ្ជាជីវៈរបស់ខ្លួនទាំងច្បាប់ជាតិ និងអន្តរជាតិ ។

លោកបន្តថា ការបណ្តុះបណ្តាលទាំងនេះ គឺជាចំណេះដឹង បន្ថែម សម្រាប់វិស័យយុត្តិធម៌នៅកម្ពុជា ជាពិសេសចៅក្រម និងព្រះរាជអាជ្ញាដែលធ្វើការនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន ត្រូវមានការប្រៀបធៀបទាំងច្បាប់ជាតិ និងអន្តរជាតិ និងបទដ្ឋានផ្សេងៗទៀត ដែលជាបទដ្ឋានអន្តរជាតិ៕

ដោយ៖យុទ្ធ វីរៈ

ads banner