សម្ដេចតេជោ  ហ៊ុន សែន បន្តអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោ​បាយ ទៅចុះឈ្មោះបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទៅចុះឈ្មោះបោះឆ្នោត។នេះបើតាមប្រសាសន៍របស់សម្ដេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាងប្រាំមួយពាន់នាក់នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយនិងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាទើបការអនុវត្តសិទ្ធក្នុងការបោះឆ្នោតអាចធ្វើទៅបាន។សម្ដេចតេជោថែមទាំងជំរុញឱ្យបណ្តាបក្សនយោបាយដែលចូលរួមបោះឆ្នោតក្តី ដែលមិនចូលរួមបោះឆ្នោតក្តី ប្រាប់សមាជិករបស់ខ្លួន ឱ្យទៅចុះឈ្មោះបោះ​ឆ្នោត ដើម្បីឱ្យអ្នកទាំងនោះមានឈ្មោះបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា៖ «ឥលូវនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជាមួយនឹងប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយទៅចុះឈ្មោះបោះឆ្នោត ហើយក្នុង នោះយុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត។ បើមិនដូចនេះទេគឺការអនុវត្តសិទ្ធមិនអាចធ្វើទៅរួចទេ មានតែអ្នកបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវទើបអាចធានាបានថា យើងមានសិទ្ធបោះឆ្នោតបាន ដូចនេះសូមឱ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងដែរថា ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើដោយទៀងទាត់សម្រាប់ប្រទេសកម្ពុជា គឺជាកាបោះឆ្នោតដែលត្រូវរៀបចំឡើងក្នុងរយៈប្រាំឆ្នាំម្ដង។

សម្តេចតេជោបានបញ្ជាក់ថា ៖«ការចុះឈ្មោះបោះឆ្នោតលើកនេះគឺ មានបច្ចេកទេសកាន់តែទើបដែលនឹងផ្ដល់ឱកាសងាយសម្រាប់ប្រជាពលរដ្ឋយើង»។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រយៈពេល ១១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបានដូចជា ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២,៥៦២នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩១,០១៤នាក់។របាយការណ៍បន្ថែមថា អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១០,២០៩នាក់  អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧,៣៧១នាក់។

បើតាមប្រតិទិនគជប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គជបប្រកាសឱ្យពលរដ្ឋ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ នៅសាលាឃុំសង្កាត់ដែលខ្លួន

រស់នៅ។ គជបឱ្យដឹងថា ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។សម្រាប់អ្នកលើសអាយុ ដែលមិនធ្លាប់បោះឆ្នោតសោះក៏អាចចុះឈ្មោះបានដែរ៕

ដោយ៖វណ្ណ ស័ក្តិ

ads banner