សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ
សៀមរាប៖ សួនឧទ្យានសិប្បនិមិត្ត ឬអាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា៖ សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ និងសត្វដទៃទៀតជាច្រើន។ល។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានសម្តែងការអបអរសាទរ និង គាំទ្រចំពោះការវិនិយោគរបស់ដៃគូវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាប សម្រាប់ជាឱកាសបង្កើនការងារមុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងប្រជាសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា អាងពិព័រណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៍ជាចំណុចថ្មីមួយរបស់ខេត្តសៀមរាប ដែលពីដើមយើងមានតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ តែនៅតំបន់ប្រាសាទ ឥឡូវយើងមានមជ្ឈមណ្ឌលកំសាន្តក្រៅពីប្រសាទមួយថ្មីបន្ថែមទៀត ដែជាគោលដៅទេសចរណ៍ថ្មី លំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក ។ ទាំងនេះ គឺជាការគាំទ្រនិងមោទនភាពជាមួយនឹងផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប របស់ឯកឧត្តម ក្នុងឱកាសឯកឧត្តម និង លោកជំទាវ បានដឹកនាំកុមារគថ្លង់ និងកុមារកំព្រាមកពីសាលាកុមារពិការនិងគថ្លង់ខេត្តសៀមរាប និងក្រុមការងារយុវជនស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរយនាក់ ទៅទស្សនាកំសាន្តនៅទីនោះ ដើម្បីឲ្យសិស្សានុសិស្សនិងយុវជនបានស្គាល់ ពីប្រភេទត្រីទឹកសាប និងសត្វកម្រជិតផុតពូជរបស់ប្រទេកម្ពុជាយើង ។
លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានបង្ហាញថា គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះ គឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២នេះ។ អាងពិព័រណ៍ត្រីនេះ មានទំហំជាង១ម៉ឺនម៉ែត្រគូប ដោយមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។
សួនឧទ្យានសិប្បនិមិត្ត Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ នឹងបន្តសាងសង់ជាបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិកតា និងមានដាក់បង្ហាញសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ ភេ អណ្ដើកហ្លួង និងក្រពើភ្នំ សត្វដំរីជាដើម ។ គម្រោងទាំងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ៕ ដោយ ស៊ាន សុផាត





