អគ្គនាយកបុរី ឡេង ណាវ៉ាត្រា ចំណាយប្រាក់ប្រមាណ១៤ម៉ឺនដុល្លារ ដើម្បីនាំសិល្បករ និងសិល្បការិនីល្បីៗ ប្រមាណ៥០រូបទៅសម្តែងនៅកូរ៉េ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានចំណាយប្រាក់ប្រមាណ១៤ម៉ឺនដុល្លារអាម៉េរិក ដើម្បីនាំសិល្បករ និងសិល្បការិនី ប្រមាណ៥០នាក់ ចេញទៅសម្តែងនៅប្រទេសកូរ៉េជាថ្មីទៀត។ លោកឧកញ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនារសៀលថ្ងៃទី១១ ខែកញ្ញានេះថា ហេតុផលនៃការចំណាយលុយដ៏ច្រើនដឹកនាំទៅប្រគំតន្ត្រីនៅរដូវភ្ជុំបិណ្ឌនៅកូរ៉េ គឺមានតែមួយគត់ គឺចង់ឲ្យបងប្អូនពលករខ្មែរសប្បាយរីករាយក្នុងរដូវភ្ជុំកាន់តែខិតជិតដល់។

ម្យ៉ាងមកពីអំឡុងពេលនេះ នៅក្នុងប្រទេសកូរ៉េមិនសូវរងារដែលជាឱកាសមាសរបស់អ្នករស់នៅទីនោះផង ទើបលោកមិនដែលខកខាន ដើម្បីកុំឲ្យបងប្អូនខ្មែរនឹកស្រុកខ្លាំងពេក សម្រាប់អ្នកមិនបានមកលេងភ្ជុំ ។ លោកឧកញ៉ាបន្តថា ខ្លួនជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េមុនក្លាយជាអ្នកជំនួញជោគជ័យ ទើបលោកយល់អារម្មណ៍នេះច្បាស់ ហើយមិនខ្វល់ថា អស់ប្រាក់ប៉ុន្មានក៏ត្រូវតែមានការប្រគំតន្ត្រីធំមួយឲ្យបងប្អូនខ្មែរសប្បាយចិត្ត។

សូមជម្រាបថា តារាសិល្បៈដែលចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ រួមមានលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ កញ្ញា អ៊ីវ៉ា លោក គូម៉ា កវីនិពន្ធលោក យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង លោក ខេម និងក្រុមរាំ រួមទាំងក្រុមការងារសរុបប្រមាណជាង៥០នាក់។

តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ដោយមាន Live Band វង់ភ្លេងចចកសមុទ្រនៅទីក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញានេះ ដោយការសម្ដែងទាំងមូលនឹងក្លាយជាការសម្ដែងដែលមានវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner