ក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សានៅទ្វីបអឺរ៉ុប ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន
ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តគម្រោង Dockside ដែលគាំទ្រដោយ កម្មវិធី Erasmus របស់សហភាពអឺរ៉ុប។ ឯកឧត្តម បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងក្នុងការស្តាប់ពីលទ្ធផលនៃការអនុវត្តគម្រោងរយៈបីឆ្នាំកន្លងមកនេះ។
ក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងគ្រឹះស្ថានឧត្តម សិក្សានៅកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សានៅទ្វីបអឺរ៉ុប ក្នុងការសម្រេចបាននូវសមិទ្ធផលនានាក្នុងក្របខ័ណ្ឌគម្រោង ជាពិសេសសកម្មភាពនានាដែលជួយជំរុញដល់កំណែទម្រង់នៅឧត្តមសិក្សាដែលជាសរសស្តម្ភសំខាន់មួយនៃសរសស្តម្ភទាំងប្រាំក្នុងការកំណែទម្រង់របស់ខ្លួន។
កម្មវិធី Erasmus របស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌគម្រោងលើកកម្ពស់សមត្ថភាពអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជា ក្នុងវិស័យស្រាវជ្រាវជលវិទ្យា និងបរិស្ថានវិទ្យា ឧបត្ថម្ភដោយសហភាពអឺរ៉ុប ដែលមានទំហំទឹកប្រាក់ចំនួន៩៨,៩១៤អឺរ៉ូ។ ការអនុវត្តគម្រោងបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០១៩។
គម្រោងនេះត្រូវចូលរួមសម្របសម្រួលដោយសាកលវិទ្យាល័យណង់នៃប្រទេសបារាំង ដោយរួមសហការជាមួយនឹងសាកលវិទ្យាល័យនៅអឺរ៉ុបចំនួនពីរទៀតគឺសាកលវិទ្យាល័យវីហ្កូ នៅប្រទេសអេស្បាញ និងសាកលវិទ្យាល័យស៊ីដាន់ នៅប្រទេសដាណឺម៉ាក។
ចំណែកនៅកម្ពុជាវិញ យើងមានដៃគូដែលជាស្ថាប័នបណ្តុះបណ្តាលចំនួន៤ រួមមាន៖ សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាលជាតិគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងអប់រំយុវជន និងកីឡា។ គោលបំណងរបស់គម្រោងDockside នេះគឺកែលម្អរគុណភាព និងការទាក់ទាញនៃកម្មវិធីថ្នាក់បណ្ឌិតនៅកម្ពុជានិងពង្រឹងសមត្ថភាពស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យកម្ពុជា និងការគ្រប់គ្រងធនធានសមុទ្រ៕ធ.ដ