ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ នី មនោ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគពង់លើ ឃុំត្រាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា ០២កូនថង់តូច និងទូរសព្ទដៃ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ