ភ្ញៀវជាង ៣ម៉ឺននាក់ចូលរួនទស្សនាកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារ
បន្ទាយមានជ័យ៖ ប្រព្រឹត្តិការរយ:ពេល២ថ្ងៃកន្លះ (ថ្ងៃទី៣០-៣១ខែតុលានិងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ) នៃកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារកើតឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយជោគជ័យនាមល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ នៅកំពង់ទឹក ។
លោកជំទាវ ហេម ចិន្តា អគ្គមហាសិការពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតី និងចូលរួមដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កងកម្លាំង មហាជន កីឡាករចំណុះទូក ។
ក្នុងនោះបានផ្តល់ពានរង្វាន់ រង្វាន់និងថវិកាដល់ក្រុមចំណុះទូកជ័យលាភី និងថវិកាលួងចិត្តដល់កីឡាករ និង គណៈកម្មការពាក់ព័ន្ធដែលចូលរួម ផងដែរ ។
រយ:ពេលនេះ មានភ្ញៀវជាង ៣ម៉ឺននាក់ចូលរួនទស្សនា ។ ប៉ុន្តែ គម្រោងថា បិទស្ពានឈើ ហៅស្ពានភ្ជាប់និស្ស័យមិនឱ្យភ្ញៀវឆ្លងកាត់ឬឈរទស្សនាព្រោះបារម្ភបាក់បង្កគ្រោះនោះ បានរំសាយចោលវិញ ។
សូមបញ្ជាក់ថា កម្មវិធីរៀបចំប្រណាំងទូកសហគមន៍បន្ទាយឆ្មារ ឆ្នាំ២០២២ បានប្តូរពីប្រារព្ធធ្វើនៅកសិណប្រាសាទបន្ទាយឆ្មារទៅធ្វើក្នុងទឹកបារាយណ៍ប្រាសាទមេបុណ្យឃុំបន្ទាយឆ្មារស្រុកថ្មពួកនាល្ងាចថ្ងៃទី៣០-៣១ខែតុលា និង០១វិច្ឆិកាឆ្នាំ២០២២ ។
មានតែទូក ៤គ្រឿង (ធំ២និងតូច២គ្រឿងប៉ុណ្ណោះ)ចូលរួម។ កីឡាករចំណុះទូកដែលត្រូវប្រកួត ត្រូវប្រកួតវិលជុំលើចំនួន២៤ក្រុម(តូច១៦ក្រុមនិងធំ៨ក្រុម)ចូលរួម ។ ទូកតូច២គ្រឿងគឺសម្រាប់១៦ក្រុមកីឡករនៃចំណុះទូក ១០-១១នាក់។និងទូកធំ២គ្រឿង សម្រាប់៨ក្រុមកីឡាករនៃចំណុះទូក២២នាក់ ៕ ដោយ៖ឃិន គន្ធា

