រដ្ឋបាលខណ្ឌចំការមន ជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូ និងផ្លូវ ត្រូវគោរពតាមស្តង់ដារក្នុងសៀវភៅ តាមដានការដ្ឋាន

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។ ជាមួយគ្នានោះ លោកក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងសូមអោយប្រជាពលរដ្ឋជួយពិនិត្យមើលនិងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្មផងដែរ។

លោកអភិបាលខណ្ឌចំការមន ក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនា ត្រូវខិតខំរក្សាឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។លោកកៀង ល័ក្ស បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៏ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ខណៈគម្រោងដំណើរការនាំឱ្យមានការរំខានដល់ការប្រកបអាជីវកម្មរឺការធ្វើដំណើរចេញចូលផ្ទះជាដើម។

បើតាមរបាយការណ៍របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទន្លេបាសាក់ បានលើកគម្រោងមានដូចខាងក្រោម៖ ១-ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៣៥៤ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់កែងផ្លូវលេខ ៣០៨ ដល់កែងផ្លូវលេខ២៩៤ ក្នុងភូមិ៥ និងនៅច្រកផ្លូវសុធារស ចាប់ពីកែងផ្លូវសុធារស ដល់ កែងផ្លូវលេខ២១ ក្នុងភូមិ៧ ។ ២-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង១,០៦២ ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់ពីមុខផ្ទះលោក អៀង សារី ក្នុងភូមិ៧ រហូតដល់កែងផ្លូវលេខ៣១២ក្នុងភូមិ៥ ដែលត្រូវចំណាយថវិកាសរុបចំនួន ២៨៦,៧៤០,០០០រៀល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner