ទូតបារាំងបង្ហាញឆន្ទៈធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើ​ស​ជួញ​ដូរមនុស្ស​​នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានបង្ហាញឆន្ទៈចូលរួមធ្វើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សនៅក្នុងខេត្តព្រះសីហនុឱ្យទទួលបាន ជោគជ័យនិងប្រសិទ្ធិភាពខ្ពស់ ខណៈករណីនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិ​ធានការ​ក្ដៅគគុក ។

ការបង្ហាញឆន្ទៈនេះ របស់លោក ហ្សាក់កេស ប៉េឡែត(Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា ។លោក PELLET ថ្លែងថា  ចំពោះប្រធានបទ ស្ដីអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេស កិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ នេះ ក៏អាចជាប្រធានបទ មួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះបានដែរ។

ករណីខាងលើនេះ លោក Jacques PELLET ក៏ចង់ស្វែងយល់នូវវឌ្ឍនភាព ដែលអាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តលើការងារនេះឱ្យបានស៊ីជម្រៅផងដែរ ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង ថ្លែងថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបាននិងកំពុង​អនុវត្តកិច្ចការនេះយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្ដេជ្ញា ចិត្តខ្ពស់ក្នុងការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែរ។

លោកថា តាមរយៈលទ្ធផលអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដា​ប្រទេសជាមិត្តក្នុងតំបន់។ លោកបន្ថែមថា៖« កិច្ចការនេះ ទាមទារឱ្យមាន កិច្ចសហ​ប្រតិបត្តិ​ការជិតស្និតរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងប្រទេសមានជនរងគ្រោះត្រូវបានគេឆបោកមកកាន់កម្ពុជានិងទាំងក្នុងប្រទេសកម្ពុជាដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឬសគល់​នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់​»។

អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន ថ្លែងថា ខេត្តព្រះសីហនុមានការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងពលករបរទេសខុសច្បាប់  នៅ ពេលដែលកម្ពុជា​មានសន្តិសុខ​ពេញលេញ មានការអភិវឌ្ឍរីកចម្រើន។លោកបន្តថា ៖«ពួកឧក្រិដ្ឋជនឆ្លៀត ឱកាសចូល​មកធ្វើការដោយខុសច្បាប់ ដើម្បីទាញយកផលចំណេញប៉ះពាល់ (ស្តីពីសេរីភាព) ហើយយើង​ក៏បានបើកយុទ្ធនាការបង្ក្រាបតាមផ្លូវច្បាប់របស់កម្ពុជា និងច្បាប់អន្តោប្រវេសន្ត»។

លោកអះអាងថា អាជ្ញាធរបានបញ្ជូនជន​សង្ស័យ​ចំនួន ៦០នាក់ ផ្តន្ទាទោសតាមផ្លូវច្បាប់ និងបញ្ជូនជនអន្តោប្រវេសន្តជាង ១ ០០០នាក់​ទៅប្រទេសវិញ មាន ១២សញ្ជាតិបន្ទាប់ពី​ប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សនៅឆ្នាំនេះ៕

ដោយ៖យុទ្ធ វីរៈ

ads banner