អ្នកនិពន្ធ មនោ វិជ្ជា និពន្ធសៀវភៅបែបយុទ្ធសាស្ត្រព្រោះចង់ឱ្យអ្នកអានចេះគិតបែបស៊ីជម្រៅ កុំងាប់ក្រឡា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មនោ វិជ្ជា ជានាមប៉ាកកាចារលើក្របសៀវភៅបែបយុទ្ធសាស្ត្រដែលកំពុងលក់តាមបណ្ដាតូបសៀវភៅនិងបណ្ណាគារនានាក្នុងប្រទេស។អ្នកនិពន្ធបញ្ជាក់ថា ខ្លួននិពន្ធសៀវភៅបែបនេះព្រោះចង់ឱ្យអ្នកអានចេះរៀនគិតនិងចេះគិតបែបយុទ្ធសាស្ត្រនិងបែបស៊ីជម្រៅ ដើម្បីប្រយោជន៍សម្រាប់ការងារប្រចាំថ្ងៃទាំងជំនួញ ឬនយោបាយជាដើម មនោវិជ្ជា​ជានាមប៉ាកា ប៉ុន្តែឈ្មោះពិតនាម ឆន រិទ្ធី ។ លោកថាការដែលក្លាយជាអ្នកនិពន្ធសៀវភៅបែបយុទ្ធសាស្ត្រនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការកើតឡើងពីការសង្កេត តាមដានសង្គម  ពិសេសការអានសៀវ​ភៅ​តែម្ដង។ លោកថា លោកមានចំណង់ចំណូលចិត្តអានសៀវភៅ និងកត់ត្រារាល់ចំណុចសំខាន់ៗរបស់សៀវភៅ ទើបធ្វើឱ្យលោកដឹងកាន់តែច្បាស់បន្ថែមទៀតអំពីខ្លឹមសាររបស់សៀវភៅដែលបានអាន។

លោកបញ្ជាក់ថា មនុស្សម្នាក់ៗជោគជ័យទៅបានដរាបណាចេះយុទ្ធសាស្ត្រ។លោក ឆន រិទ្ធី៖ «មូលហេតុដែលខ្ញុំនិពន្ធសៀវភៅបែបយុទ្ធសាស្ត្រ ដោយសារតែខ្ញុំយល់ថា យុទ្ធសាស្ត្រជាចំណុចស្លាប់រស់មួយក្នុងការដឹកនាំ មិនជាអាជីវកម្ម ឬការធ្វើសង្គ្រាមនោះទេ ព្រោះការគិតបែបយុទ្ធសាស្ត្រធ្វើឱ្យយើងគិតបានជ្រៅជាងមុន ស៊ីជម្រៅជាងការគិតបែបធម្មតា និងអាចស្មានស្ថានការណ៍បានជាមុន ឬអាចនិយាយបានថា គឺដឹងឈ្នះតាំងពីមុនពេលចេញប្រយុទ្ធទៅទៀត»។

លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យអ្នកអានចេះបែងចែកខុសត្រូវ ស្វែងយល់កាន់តែច្បាស់នូវរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។ រឿងដែលគួរនិយាយ និងរឿងដែលមិនគួរនិយាយ ជៀសវាងនាំគ្រោះថ្នាក់ ឬបញ្ហាដល់ខ្លួនឯងវិញ។ ជាចុងក្រោយ ខ្ញុំចង់បន្ថែមថា មនុស្សយើងគ្រប់គ្នាគួរតែមានផ្លូវក្រោយមួយជានិច្ចដើម្បីកុំឱ្យខ្លួនឯងទ័លច្រក ឬងាប់ក្រឡាតែម្ខាង»។

លោកបន្តថា  លោកមានស្រុកកំណើតនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាយដែនខ្មែរ-វៀតណាម។ លោកជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន ៩នាក់។ ឪពុកជាកសិករ ម្តាយមានមុខរបរជាស្ត្រីមេផ្ទះ។

លោកបានប្រាប់មូលហេតុចម្បងដែលធ្វើឱ្យលោកប្រែក្លាយពីកូនកសិករម្នាក់ទៅជាអ្នកនិពន្ធថា ៖« កាលនៅពីវ័យក្មេង ខ្ញុំចូលចិត្តអានសៀវភៅខ្លាំងណាស់ មានពេលខ្លះស្ទើរតែមិនហូបបាយក៏មានឱ្យតែមានសៀវភៅអាន និងតែងតែអាននូវជីវប្រវត្តិរបស់កវីនិពន្ធជាច្រើនរូប  ធ្វើឱ្យចិត្តខ្ញុំរំភើបជាខ្លាំង និងបានឃើញពីអស្ចារ្យ ការតស៊ូរបស់ពួកគាត់ និងភាពឈឺចាប់តាមរយៈសំណេរអត្ថន័យក្នុងសៀវភៅប្រវត្តិសាស្ត្រជាច្រើនដែលខ្ញុំធ្លាប់អាន”។

លោកឱ្យដឹងទៀតថា លោកតែងនិពន្ធព្រោះតែចង់បន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយនិងជាវិភាគទានមួយសម្រាប់សង្គមខ្មែរ។

លោករិទ្ធី៖ «ខ្ញុំគិតថាក្នុងសម័យខ្ញុំនេះ ទោះបីខ្ញុំមិនបានធ្វើអ្វីដែលថ្មីនិងអស្ចារ្យទេ ក៏ត្រឹមក្លាយជាអ្នកនិពន្ធម្នាក់ អាចបន្សល់ទុកនូវស្នាដៃខ្លះសម្រាប់កូនខ្មែរយើងជំនាន់ក្រោយបានសិក្សា រៀនសូត្របន្តទៀត តាមសៀវភៅដែលខ្ញុំបានសរសើរឡើងនេះផងដែរ»។

មនោ វិជ្ជា ចាប់ផ្ដើមសរសេរសៀវភៅក្នុងឆ្នាំ២០១៧ ដែលកាលដំបូងឡើយលោកគ្រាន់តែជាអ្នកសរសេរឱ្យទៅគ្រឹះស្ថានក្នុងស្រុកដើម្បីបោះពុម្ពផ្សាយ។ លុះដល់ចុងឆ្នាំ២០១៨ លោកបាននិពន្ធនិងបោះពុម្ពផ្សាយដោយខ្លួនឯងវិញម្ដង។ សៀវភៅលោកដែលបានចេញផ្សាយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកក្នុងស្រុក និងមានការគាំទ្រដល់ក្រៅប្រទេសថែមទៀតផង។រហូតមកដល់ពេលនេះលោកបានចេញផ្សាយស្នាដៃជាច្រើនចំណងជើង ហើយស្នាដៃសំខាន់ៗរបស់លោកមានដូចជាសៀវភៅ “ទុកផ្លូវក្រោយ ភាគ១ និង២” បង្ហាញពីរបៀបគិតបែបស៊ីជម្រៅ និងជួយផ្តល់វិធីសាស្ត្រក្នុងការការពារខ្លួនកុំឱ្យធ្លាក់ក្នុងគ្រោះថ្នាក់ ឬអន្តរាយផ្សេងៗ។ អ្វីដែលពិសេសគឺ ការពារមិនឱ្យមានភាពទ័លច្រកក្នុងជីវិត។ សៀវភៅនេះ សរុបមានចំនួន ២ភាគ សរុបជាង ៦០០ទំព័រ។ សៀវភៅនេះមានបង្ហាញពីសាច់រឿងជាច្រើន និងចរិតតួអង្គនីមួយៗ ក្នុងនោះ តួអង្គដែលផ្តោតសំខាន់គឺ​ តួអង្គ ឈ្មោះថា ស៊ឺម៉ាអ៊ី ដែលជាអ្នកខ្លាំងចុងក្រោយដែលបានបង្រួបបង្រួមទឹកដីក្នុងសម័យសាមកុក។

សៀវភៅ “មនុស្សមានពិស” គឺបង្ហាញពីចរិតលក្ខណៈមនុស្ស សម្គាល់មនុស្ស និងស្វែងយល់ពីមនុស្សបានកាន់តែច្រើនជាងមុន។ អ្នកអានអាចយល់ពីមនុស្សបានច្រើនជាងមុន ដូច្នោះអ្នកនឹងអាចការពារខ្លួនពីការបោកបញ្ឆោតផ្សេងៗ ការបោកប្រាស់ ឬអាចយល់ពីល្បិចកលរបស់ជនខិលខូចបានកាន់តែច្រើន។ សៀវភៅនេះ បានលើកតួអង្គជាច្រើនផងដែរក្នុងរឿងសាមកុក រួមមានដូចជា ឆាវឆាវ លាវប៉ី និងស៊ុនឈៀន បន្ថែមរសជាតិជាមួយនឹងព្រឹត្ដិការណ៍សំខាន់ៗជាច្រើនទៀត។

សៀវភៅ “យុទ្ធសាស្ត្រវាយលុក” ជាសៀវភៅបង្ហាញពីគោលគំនិតជ្រាលជ្រៅក្នុងការធ្វើសឹកសង្គ្រាម រៀបចំក្បួនទ័ព ដឹកនាំមនុស្ស គ្រប់គ្រងស្ថានការណ៍ និងការយកឈ្នះសត្រូវបានដោយងាយមិនចំណាយកម្លាំងច្រើន។ សៀវភៅនេះផ្តល់នូវយុទ្ធសាស្ត្រល្អៗជាច្រើន ដូចជា ការរៀបចំក្បួនទ័ព មនុស្ស ស្បៀងអាហារ ការវាយលុកសត្រូវ និងរបៀបរបបក្នុងការគ្រប់គ្រងរបស់អ្នកដឹកនាំ។ ជាពិសេសគឺ មានយុទ្ធសាស្ត្រល្អជាច្រើនទៀតដែលគួរចំណាយពេលទៅឈ្វេងយល់ពីសៀវភៅនេះ។

សៀវភៅ “វិធីកម្ចាត់សេចក្តីខ្ជិល” ជាសៀវភៅបែបអភិវឌ្ឍន៍ខ្លួន និងសមត្ថភាពដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។ មនុស្សដែលពុំទាន់មានគោលដៅ គ្មានកម្លាំងជំរុញចិត្តទេ អាចអានសៀវភៅនេះ ដើម្បីអភិវឌ្ឍខ្លួន និងបង្កើននូវថាមពលកម្លាំងជំរុញចិត្ត។

សៀវភៅ “សិល្បិ៍វិធីក្នុងការអានសៀវភៅ” សៀវភៅនេះផ្តោតលើយុវវ័យ ឬប្អូនៗកំពុងសិក្សា និងអ្នកដែលចង់បានរបៀប ឬជាគន្លឹះដើម្បីអានសៀវភៅឱ្យបានត្រឹមត្រូវ ច្បាស់លាស់ លឿនរហ័ស និងទទួលបានលទ្ធផលពីការអាន។ សៀវភៅនេះគឺ នឹងជួយប្អូនជាសិស្ស និស្សិត និងអ្នកមានបំណងចង់ក្លាយជាសិស្សពូកែ ពូកែអានសៀវភៅ និងចង់បានរបៀបក្នុងការអានសៀវភៅរបស់ខ្លួនបានល្អប្រសើរជាងមុន។

នៅចុងឆ្នាំ២០២២ នេះ មនោ វិជ្ជា ត្រៀមចេញសៀវភៅ ១ក្បាលទៀតគឺ មានចំណងជើងថា “យុទ្ធសាស្ត្ររំកិលពាង” ដែលជាសៀវភៅថ្មី បង្ហាញការអូសទាញមនុស្ស ការប្រើប្រាស់មនុស្ស និងបង្ហាញពីការពិតនៅពីក្រោយរឿងជាច្រើនដែលត្រូវបានលាក់បាំង៕

ដោយ៖ហួន ស៊ីឡូន

ads banner