អ្នកជំនួញធនាគារលើសកលលោក ជំរុញកុំឱ្យ “ភ្នាល់” ប្រឆាំង ចិន

ចិន៖អាជ្ញាធរចិនបានបន្ថយការព្យាករណ៍អំពីការធ្លាក់ចុះនៃអចលនទ្រព្យរបស់ប្រទេសចិន និងកំណើនសេដ្ឋកិច្ចយឺត ខណៈដែលមេដឹកនាំកំពូលរបស់ហុងកុងបានលើកឡើងថា ហុងកុងជាទីកន្លែងតភ្ជាប់តែមួយគត់របស់ពិភពលោក ទៅកាន់ប្រទេសចិន។

នាយកប្រតិបត្តិហិរញ្ញវត្ថុនៅលើសកលប្រហែល ២០០ នាក់បានប្រមូលផ្តុំគ្នាចងជាបណ្តាញ និងពិភាក្សាអំពីបញ្ហាដូចជាហានិភ័យជាសកល និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅក្នុងសន្និសីទធំលើកដំបូងរបស់ហុងកុងចាប់តាំងពីទីក្រុងនេះបានលុបចោលការរឹតបន្តឹងការដាច់ពីគ្នានៃកូវីដ ១៩( COVID-19)។

លោក Fang Xinghai អនុប្រធានគណៈកម្មការនិយ័តកម្មមូលបត្រចិនបានជំរុញឱ្យអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយបានជំរុញឱ្យពួកគេកុំ “ភ្នាល់” ប្រឆាំងនឹងប្រទេសចិន និងហុងកុង។

លោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ «មិនយល់ច្បាស់ពីប្រទេសចិនទេ» ដោយការនិយាយបែបនេះបានធ្វើឱ្យមានការផ្ទុះសំណើច និងការអបអរសាទរពីទស្សនិកជន។

លោក Yi Gang ទេសាភិបាលធនាគារកណ្តាលចិនបាននិយាយថា អតិផរណានៅតែធ្លាក់ចុះក្រោម ៣ភាគរយ បើធៀបលោកខាងលិចដែលអតិផរណាមានប្រមាណ៨ភាគរយ។ខណៈដែល គោលនយោបាយសេដ្ឋកិច្ច និងកំណែទម្រង់របស់ប្រទេសចិននឹងបន្ត។

ការអត្ថាធិប្បាយបែបនេះទំនងជា មានគោលបំណងប្រឆាំងនឹងការព្រួយបារម្ភដែលផ្ទុះឡើង បន្ទាប់ពីសមាជបក្សកុម្មុយនិស្ត កាលពីខែមុន ដែលមេដឹកនាំចិនស៊ី ជីនពីង( Xi Jinping)ប្រកាសកាន់អំណាចអាណត្តិទាំងបីខណៈដែលបុគ្គលអ្នកកែទម្រង់សេដ្ឋកិច្ចសំខាន់ៗរបស់ចិន ត្រូវបានដកចេញពីជួរដឹកនាំបក្សកុម្មុយនីសចិន។

លោក Yi បានមានប្រសាសន៍ថា៖«ប្រទេសចិនមានទីផ្សារធំមួយ និងនៅតែមានកន្លែងច្រើនសម្រាប់វិស័យអចលនទ្រព្យ ហើយតម្រូវការរបស់អ្នកប្រើប្រាស់វណ្ណៈកណ្តាលនៅតែកើនឡើង»។

បើធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣.៩ភាគរយគិតត្រឹមត្រីមាសចុងក្រោយ។យ៉ាងណាក្ដីចំនួននេះ ទាបជាងគោលដៅផ្លូវការដែលចិនដាក់ការប្ដេជ្ញាថាសេដ្ឋកិច្ចនឹងមានកំណើន ៥ភាគរយនៅឆ្នាំនេះ។

លោក Xiao Yuanqi អនុប្រធានគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន និយាយ​ថា ប្រាក់កម្ចីអចលនទ្រព្យមានត្រឹមតែ ២៦ភាគរយ នៃប្រាក់កម្ចីសរុបរបស់ធនាគារ ហើយ៩០ភាគរយ នៃប្រាក់កម្ចីអចលនទ្រព្យគឺ “គុណភាពល្អ”។

ទោះជាយ៉ាងណាក្ដីសមាជិកសភាអាមេរិកមួយចំនួន បានជំរុញក្រុមហ៊ុនអាមេរិកកុំឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ដោយសារមានភាពតានតឹងជាមួយចិនជុំវិញសង្គ្រាមពាណិជ្ជកម្ម និងសិទ្ធិមនុស្ស។ សហរដ្ឋ​អាមេរិក​បាន​និយាយ​អំពី​ការ​បង្រ្កាប​របស់​ហុងកុង​លើ​ការ​ប្រឆាំង​បន្ទាប់​ពី​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ ដែលលម្អៀងទៅប៉េកាំង៕

ដោយ៖យុទ្ធ វីរៈ

ads banner