អ.ស.ប ព្រមានថា ផ្ទាំងទឹកកកនៅឧទ្យាន Yosemite និងអាហ្វ្រិក នឹងរលាយបាត់រូបរាងនៅឆ្នាំ២០៥០

អន្តរជាតិ៖ផ្ទាំង​ទឹក​កក​យ៉ាង​ហោច​ណាស់​១​ភាគ​៣​នៃ​តំបន់​បេតកភណ្ឌ​ពិភពលោក Yosemite ដែល​ឧទ្យាន​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ដែរ​នោះ នឹង​រលាយ​បាត់​រូបរាង​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​នេះ បើ​ទោះ​បីជា​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវ​បាន​ទប់​ស្កាត់​ក៏​ដោយ​។ នេះ​បើ​តាមការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការយូណេស្កូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​វិច្ឆិកា​នេះ​។ របាយការណ៍​ដដែល​បញ្ជាក់​ថា ផ្ទាំង​ទឹក​កក​ទាំង​អស់​នៅ​ឧទ្យាន Yosemite ក៏​ដូច​ជា​ឧទ្យាន​ជាតិ Yellowstone ព្រម​ទាំង​ផ្ទាំងទឹកកក​មួយ​ចំនួន​ដែល​នៅ​សល់​ក្នុង​ទ្វីប​អាហ្វ្រិក នឹង​ត្រូវ​បាត់​បង់​ដោយ​ចៀស​មិន​រួច បើ​ទោះ​បី​ជា​ការ​ឡើង​កម្ដៅ​នៃ​ភពផែន​ដី មាន​ត្រឹមតែ ១,៥​ អង្សា ក៏​ដោយ​។

អង្គការយូណេស្កូដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានព្រមាននៅក្នុងរបាយការណ៍របស់ខ្លួនថា ពិភពលោក​អាចរក្សាផ្ទាំងទឹកកកទុកបាន ដរាបណាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

លោក Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ ថ្លែង​តាម​រយៈសេចក្តីថ្លែងការណ៍មួយថា៖ «របាយការណ៍នេះគឺជាការអំពាវនាវឱ្យចាត់វិធានការបន្ទាន់ចំពោះ​បញ្ហា​ឡើង​កម្ដៅ​នៃ​ភព​ផែន​ដី» និង​ថា សន្និសីទ​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ COP27 ដែល​ត្រូវ​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នា​សប្ដាហ៍​ក្រោយ មានតួនាទីសំខាន់ណាស់ក្នុងការជួយស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។ នេះ​បើ​តាម​លោក Audrey Azoulay។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ចំណោម​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន ១,១៥០ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ មាន​តំបន់​​ចំនួន​ជាង​៥០​កន្លែង ជា​ទីតាំង​ដែល​គ្រប​ដណ្ដប់​ដោយ​ផ្ទាំង​ទឹក​កក ដែល​ស្មើ​នឹង​១​ភាគ​១០​នៃ​តំបន់​ទឹកកក​សរុប​របស់​ពិភពលោក​។ បើតាម​អង្គការយូណេស្កូ ផ្ទាំងទឹកកកជិត ១៩,០០០ ដែលមានទីតាំងនៅតំបន់បេតិកភណ្ឌទាំង​នេះ កំពុងបាត់បង់ទឹកកកច្រើនជាង ៦០ពាន់លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការប្រើប្រាស់ទឹកប្រចាំឆ្នាំរបស់ប្រទេសអេស្ប៉ាញ និងបារាំងរួមបញ្ចូលគ្នា ហើយមានចំនួនប្រហែល ៥ភាគរយនៃការកើនឡើងនៃកម្រិតទឹកសមុទ្រពិភពលោក។

របាយការណ៍​របស់​អង្គការ​ពិភពលោក​នេះ បញ្ជាក់​បន្ថែម​ថា ផ្ទាំងទឹកកកតូចៗនៅរយៈកម្ពស់ទាប ឬមធ្យម នឹងរលាយបាត់មុនគេ ហើយអត្រានៃការបាត់បង់ទឹកកកនៅក្នុងតំបន់ទឹកកកតូចៗនេះ បានកើនឡើងទ្វេដងចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០០០ ដល់ចុងទសវត្សរ៍ឆ្នាំ ២០១០៕

ដោយ៖កែវ កិរិយា

ads banner