របាយការណ៍ថ្មីរកឃើញថា ការជួញដូរខុសច្បាប់កំពុងតែគំរាមកំហែងខ្លាធំដែលកំពុងប្រឈមនឹងការផុតពូជ
អន្តរជាតិ៖នៅក្នុងរយៈពេល២៣កន្លងមកនេះ សត្វខ្លាធំ និងបំណែកសាកសពសត្វខ្លាធំ ជាមធ្យមចំនួន១៥០ក្បាល ត្រូវបានរឹបអូសបានជារៀងរាល់ឆ្នាំ នៅទូទាំងសកលលោក។ ការណ៍នេះ បង្កក្ដីព្រួយបារម្ភ និងជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សត្វខ្លាធំ ដែលជាសត្វកម្រជិតផុតពូជពីលើភពផែនដី បើទោះជាមានការខិតខំប្រឹងប្រែងអភិរក្សយ៉ាងណាក្ដី។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអង្គការឃ្លាំមើលការជួញដូរសត្វព្រៃ TRAFFIC នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុមឃ្លាំមើលការជួញដូរសត្វព្រៃ TRAFFIC បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា សត្វខ្លារស់ សាកសពសត្វខ្លាទាំងមូល ក៏ដូចជាផ្នែកផ្សេងៗនៃសត្វខ្លាដែលត្រូវគេសម្លាប់ ចំនួន ៣,៣៧៧ក្បាល ត្រូវអាជ្ញាធរមានសមត្ថកិច្ចរឹបអូសបាន ក្នុងចន្លោះខែមករា ឆ្នាំ២០០០ និងខែមិថុនា ឆ្នាំ២០២២។ ការរឹបអូសបានធ្វើឡើងនៅក្នុងប្រទេស និងដែនដីចំនួន ៥០ ប៉ុន្តែភាគច្រើនគឺនៅក្នុងប្រទេសចំនួន ១៣ ដែលមានវត្តមានសត្វខ្លាធំនៅក្នុងព្រៃធម្មជាតិ។
ប្រទេសឥណ្ឌា ដែលជាជម្រករបស់សត្វខ្លាព្រៃជាងពាក់កណ្តាលដែលនៅសេសសល់នៅលើពិភពលោក បង្ក្រាបករណីជួញដូរសត្វព្រៃបានច្រើនបំផុត តាមពីក្រោយដោយប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែបើតាមអង្គការ TRAFFIC តួលេខពិតប្រាកដនៃបទឧក្រិដ្ឋជួញដូរសត្វខ្លាព្រៃដោយខុសច្បាប់ ទំនងជាមានចំនួនច្រើនជាងនេះឆ្ងាយណាស់។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលការជួញដូរសត្វព្រៃដដែល ក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ ករណីបង្ក្រាបការជួញដូរសត្វខ្លាធំបានកើនឡើងនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងរុស្ស៊ី ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការជួញដូរក៏មានការកើនឡើងដូចគ្នាដែរ។ ប្រទេសឥណ្ឌូណេស៊ី ជាជម្រករបស់សត្វខ្លាស៊ូម៉ាត្រាដែលកំពុងប្រឈមនឹងការជិតផុតពូជ រឹបអូសបានសត្វខ្លាចំនួន ១៨ក្បាល នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើងលើសឆ្នាំ២០២១ ដែលមានចំនួនតែ១៦ក្បាលប៉ុណ្ណោះ។
របាយការណ៍ចេញផ្សាយដោយអង្គការ TRAFFIC លើកឡើងថា៖ «ការបរបាញ់ និងការជួញដូរខុសច្បាប់នៅតែជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ការរស់រានមានជីវិតរបស់សត្វខ្លាព្រៃ»។ និងថា៖ «កិច្ចខិតខំប្រឹងប្រែង ការវិនិយោគ និងការសន្យាជាច្រើនទសវត្សរ៍ មិនបានបន្ធូរបន្ថយករណីជួញដូរសត្វខ្លាព្រៃទេ»។
ចំនួនសត្វខ្លាធំនៅក្នុងព្រៃធម្មជាតិ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនយ៉ាងហោចណាស់ ១០០,០០០ ក្នុងឆ្នាំ ១៩០០។ ប៉ុន្តែការបរបាញ់ ការប្រម៉ាញ់ និងការបំផ្លាញព្រៃឈើដែលជាជម្រករបស់សត្វខ្លា បានធ្វើឱ្យចំនួនសត្វខ្លាធំថមថយយ៉ាងខ្លាំង ហើយមានវត្តមានតែនៅក្នុងប្រទេសមួយចំនួននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងនៅភាគខាងកើតរបស់រុស្ស៊ី។ តម្រូវការសត្វខ្លាធំនៅលើទីផ្សារ ដែលជំរុញឱ្យមានការប្រមាញ់ខុសច្បាប់ ជំរុញដោយអតិថិជនភាគច្រើននៅក្នុងប្រទេសចិននិងតំបន់ផ្សេងទៀតនៃអាស៊ី ដែលជឿថា ការប្រើប្រាស់ផ្នែកខ្លះរបស់សត្វខ្លា នឹងអាចជួយព្យាបាលជំងឺជាច្រើនមុខ ឬអាចជួយឱ្យពួកគេមានសុខភាពរឹងមាំ និងមានអំណាច ដូចសត្វខ្លាដូច្នោះដែរ៕ ដោយ៖កែវ កិរិយា