សម្ពន្ធយុវជនអាហាររូបករណ៍ ស២ ចុះអនុស្សរណៈ ផ្តល់អាហារូបករណ៍ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ប្រធានសម្ពនយុវជនអាហាររូបករណ៍ ស២ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់អាហារូបករណ៍ ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចពង្រឹងសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងទាំងពីរដែលបានទទួលអាហារូបករណ៍ពីសម្ពនយុវជនអាហារូបករណ៍ ស២ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់ចំណេះដឹងរបស់យុវជនជានិស្សិតដែលត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងការចូលរួមកសាងប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានសម្តែងនូវការអរគុណចំពោះកិច្ចសហការដ៏ល្អនេះ និងបានថ្លែងថា ការផ្តល់ជូនអាហារូបករណ៍ បានជួយសម្រួលបន្ទុកបានច្រើនដល់កូនចៅមន្ត្រីរាជការដែលចូលនិវត្សន៍ ជាមួយនឹងការបើកឱកាសឱ្យយុវជនជំនាន់ក្រោយ ចាប់យកចំណេះដឹងតាមជំនាញ វិជ្ជាជីវៈណាដែលខ្លួនពេញចិត្ត និងការសិក្សាបន្ត ដើម្បីអនាគតដ៏ប្រសើរ ហើយដែលយុវជនទាំងអស់នឹងក្លាយជាទំពាំងស្នងឬស្សី ដើម្បីរួមចំណែកការកសាងអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner