កីឡាជាតិលើកទី៣ ជាដើមទុនដ៏សំខាន់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថាជាដើមទុនដ៏សំខាន់ ឆ្ពោះទៅជោគជ័យ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ទៀតថា ការរៀបចំកីឡាជាតិ លើកទី៣នេះ ដែលមានសមាសភាពពាក់ព័ន្ធដ៏សំខាន់ដូចជាសហព័ន្ធពាក់ព័ន្ធរួមមាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិចំនួន៣៨ និងប្រតិភូកីឡាទាំង២៥រាជធានី-ខេត្ត-ស្ថាប័នក្រសួង កំពុងត្រៀមរៀបចំ និងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តងនេះ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាត ដែលបានចាប់ផ្តើមលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ គឺដើម្បីដកពិសោធន៍នៃការរៀបចំរបស់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ និងបង្កើនគុណភាពបច្ចេកទេសកីឡាករ កីឡាការិនីបាញ់ឆ្ពោះទៅរកការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។

ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា ការរៀបចំកីឡាជាតិនេះ គឺផ្តល់ឲ្យមន្ត្រីរៀបចំបច្ចេកទេសបានស៊ាំទៅនឹងបទពិសោធន៍ កែលម្អចំណុចខ្វះខាត ព្រមទាំងជួយបង្កើនបច្ចេកទេសដល់ក្រុមកីឡាករ កីឡាការិនី ជាពិសេសក្រុម ជម្រើសជាតិមួយចំនួន ក្នុងចំណោម៣៨ប្រភេទកីឡា ខណៈក្រុមជម្រើសជាតិនៃប្រភេទកីឡាជាច្រើនកំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនក្នុងពេលដំណាលគ្នានៃដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣។ សហព័ន្ធកីឡាជាតិទាំង៣៨ប្រភេទកីឡាមានតួនាទីសំខាន់មួយទៀត តាមរយៈការចាត់តាំងនាយកបច្ចេកទេសដើម្បីធ្វើកិច្ចការរួមគ្នាជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឆ្ពោះទៅស៊ីហ្គេម ២០២៣។

«គោលបំណងធំមួយទៀត នៃការរៀបចំកីឡាជាតិលើកទី៣ គឺការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ឲ្យកាន់តែមានគុណភាពបន្ថែម ពីព្រោះការប្រកួតកីឡាមួយដែលជោគជ័យ ត្រូវមានការកាត់សេចក្តីពីអាជ្ញាកណ្តាល។ ប្រសិនបើអាជ្ញាកណ្តាលមិនមានគុណភាពល្អ នឹងធ្វើឲ្យការប្រកួតមួយមានភាពរញ៉េរញ៉ៃ បង្កើតបានទៅជម្លោះ មិនមានភាពយុត្តិធម៌។ ការរៀបចំកីឡាជាតិលើកទី៣នេះផ្តោតសំខាន់ខ្លាំងទៅលើបទពិសោធន៍របស់មន្ត្រីបច្ចេកទេស ឆ្ពោះទៅគោលដោចម្បងចំពោះមុខ គឺស៊ីហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រថ្មីបំផុតរបស់កម្ពុជា ហើយពេលរៀបចំកីឡាជាតិ លើកទី៤ នឹងផ្តោតសំខាន់ទៅលើគុណភាព ច្រើនជាបរិមាណ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ស សុខា។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស សុខា បានដឹកនាំកិច្ចប្រជុំនាយកបច្ចេកទេស-សន្និសីទសារព័តមាន ត្រៀមការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាមានចំនួន៣៨ និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសាសរុប៤០៥ នៅភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។ ពិធីបើកផ្លូវការ គ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទគ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner