ឯកឧត្តម វ៉ាត់ ចំរើន៖ នាយកបច្ចេកទេសសហព័ន្ធកីឡាជាតិ ត្រូវធ្វើការងារ៣ចំនុច អោយសម្រេច ដើម្បីត្រៀមស៊ីហ្គេម ២០២៣
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុញ្ញាត ពីឯឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅថា Camsoc បាមដឹកនាំកិច្ចប្រជុំជាមួយនាយកបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នាយកបច្ចេកទេសសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc បានបញ្ចូលឈ្មោះជាមន្រ្តីរបស់ គណកម្មាធិការជាតិ Camsoc ធ្វើការលើផ្នែកបច្ចេកទេស ដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ដើម្បីដឹកនាំអោយរលួន និងទទួលបានជោគជ័យ។ ឯកឧត្តម អគ្គលេខាធិការ បន្តថា នាយកបច្ចេកទេសនីមួយៗត្រូវធ្វើការជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីធ្វើការរួមគ្នា។
ជាមួយគ្នានេះ នាយកបច្ចេកទេសកីឡាជាតិទាំងអស់ ត្រូវធ្វើការងារ៣ អោយសម្រេចក្រោយពិធីបុណ្យអ៊ុទូក ទី១-ត្រូវតែងតាំងនាយកបច្ចេកទេសអន្តរជាតិម្នាក់ ដែលត្រូវចូលរួមដឹកនាំការប្រកួត និងវិច្ឆ័យការប្រកួតអោយបានច្បាស់លាស់។ ទី២-ត្រូវរៀបចំសៀវភៅបច្ចេកទេស (Technical Hand Book ) ដែលបញ្ជាក់ពីបទបញ្ជាការប្រកួត ក្នុងស៊ីហ្គេមអោយរួចរាល់ ផ្ញើសៀវភៅបច្ចេកទេសទៅគ្រប់ប្រទេសទាំងអស់ ដើម្បីអោយគេអនុវត្តន៍ និងគោរពបទបញ្ជាប្រកួតរបស់យើង។
និងទី៣-ត្រូវរៀបចំការប្រកួតទៅតាមប្រព័ន្ធបច្ចេកវិទ្យា ( Digital Plate Forms) ទៅតាមប្រភេទកីឡានីមួយៗ ដោយសហព័ន្ធមួយចំនួនធ្លាប់រៀបចំការប្រកួតជាលក្ខណអន្តរជាតិ ដោយមាន Software Hardware ហើយចំពោះសហព័ន្ធមិនមានត្រូវទាក់ទងរៀបចំអោយហើយជាមួយដៃគូអន្តរជាតិអោយច្បាស់ ថាទទួលបានការឧបត្តម្ភពីសហព័ន្ធអន្តរជាតិអ្វីខ្លះ ទៅលើប្រព័ន្ធដាក់ពិន្ទុ តាមរបៀបបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់ ស៊ែនស័រ រត់ចូលទៅប្រព័ន្ធគ្រប់គ្រងការប្រកួត (Games Management System) ចេញជាលទ្ធផលគ្រប់ការប្រកួតគ្រប់ប្រភេទកីឡាទាំង៣៨រួមគ្នា នៅក្នុងប្រអប់មួយ ដើម្បីចែកចាយទៅគ្រប់បណ្តាញសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់។ ហើយប្រភេទកីឡាអត្តសញ្ញាណជាតិ ដូចជា អុកចត្រង្គ គុនខ្មែរ ល្បុក្កតោ យើងនិងបង្កើតប្រព័ន្ធដាក់ពិន្ទុអោយ តាមរយៈក្រុមហ៊ុនដៃគូ Path Mazing ទទួលសិទ្ធពី Camsoc ។
ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តការណ៍ជាប្រវត្តិសាសស្រ្ត ដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ទាំងការរៀបចំ ទាំងបច្ចេកទេស ទាំងលទ្ធផល ត្រូវរៀបចំអោយមានបច្ចេកវិទ្យាស្តង់ដាល្អឥតខ្ចោះ ម៉ត់ចត់ហើយត្រឹមត្រូវ ទៅតាមស្តង់ដាអន្តរជាតិ អោយប្រព្រឹត្តទៅដោយរលួន និងទទួលបានជោគជ័យ៕ ចាន់ វិចិត្រ

