អភិបាលរងខេត្តបន្ទាយមានជ័យ៖ ម្ចាស់ក្បាលដីដែលមានទំនាស់តិចតួចរូតរះដោះស្រាយ ឲ្យចប់ដើម្បីឲ្យក្រុមការងារវាស់ចេញប័ណ្ណកម្មសិទ្ធិជូន
បន្ទាយមានជ័យ៖ ក្នុងឱកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក លី សារី អភិបាលរងខេត្តបន្ទាយ មានជ័យថ្លែងថា ម្ចាស់ក្បាលដីដែលគ្មានទំនាស់សូមមកផ្ទៀងផ្ទាត់ទិន្នន័យឲ្យទាន់ពេលកំណត់១៥ថ្ងៃ។ ឯម្ចាស់ក្បាលដីទំនាស់តិចតួច និងក្បាលដីគ្មានទិន្នន័យ សូមខិតខំដោះស្រាយជាមួយភាគីទំនាស់ ដើម្បីបានចេញប័ណ្ណសម្គាល់អចលនវត្ថុជូន។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងដុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានចុះអនុវត្តន៍តាមនីតិវិធីកន្លងមក។
ការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ គឺមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១០ខែកញ្ញានេះទៅ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងទំហំក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។
សម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិក្បាលស្ពាន២នេះ មានចំនួន១,៨៤៨ក្បាលដី។ ក្នុងនោះរូបភាពប្រើប្រាស់ដីមាន៖ ដីលំនៅឋាន១៧២៥ក្បាលដី ដីគ្មានទិន្នន័យ១១២ក្បាលដី និងដីទំនាស់មានតែ១១ក្បាលដី។ ដីទាំងនោះ ភាគច្រើនជាទ្រព្យរួមប្តីប្រពន្ធច្រើនជាងគេ បន្ទាប់មកជាទ្រព្យខាងប្រពន្ធ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នារបានល្អក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។ លោកអភិបាលរងខេត្ត ក៏សំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋ សូមអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្តិភាពខ្លួនឯង និងអ្នកដទៃ៕ធ.ដ
ដោយ៖ ឃិន គន្ធា