ឆេះគំនរថង់ប្លាស្ទិក បង្កការភ្ញាក់ផ្អើលទាំងយប់ នៅខណ្ឌដង្កោ
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះគំនរថង់ប្លាស្ទិកមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីម៉ោង១និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើជាកន្លែងផ្ទុកនៅគំនរថង់ប្លាស្ទិកចាស់ៗ ដើម្បីផលិតចេញជាថង់ប្លាស្ទិកថ្មីៗ។ បើតាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្រាប់តែឃើញមានឃើញអណ្ដាតភ្លើងឆេះចេញមកពីក្នុងគំនរថង់ប្លាស្ទិក បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរ ក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗតែម្តង។ ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យនេះ ជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេសផ្ដាស ទើបបង្កឲ្យឆាបឆេះបែបនេះ។
ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅម៉ោង២និង៤០នាទី រំលងអធ្រាតថ្ងៃដដែល និងបានប្រើប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ៕ធ.ដ