ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៥ ជាមួយ ប្រធានាធិបតីកូរ៉េ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាល អាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ លើកទី២៣ ជាមួយឯកឧត្តម យូន ស៊ុក យុល (Yoon Suk- yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារសុខាភ្នំពេញ ។

សូមជម្រាបថា កូរ៉េ គឺជាដៃគូសន្ទនាទី២ ដែល អាស៊ាន បានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាដៃគូពាណិជ្ជកម្មធំទី៥ របស់អាស៊ាន ហើយ ក៏ជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំទី៧របស់អាស៊ាន។

នៅឆ្នាំ២០០៥ អាស៊ាន និងកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិ ការ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (កិច្ចព្រមព្រៀង ក្របខ័ណ្ឌ ឬ Framework Agreement) ហើយក្រោយមកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ទៀតដែលបង្កើតជាច្បាប់មួយ សម្រាប់បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងចូលជាធរមាននៅលើថ្ងៃទី ១ ខែមករា ឆ្នាំ២០១០ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) បានជួយបង្កើនកម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន-កូរ៉េខាងត្បូង។ យោងតាមទិន្នន័យបឋមរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េ បានកើនឡើងដល់ ១៥៦,៥ ពាន់លានដុល្លារ ឬ ស្មើនឹង ៥,៦ភាគរយ នៃពាណិជ្ជកម្មសរុបរបស់ អាស៊ាន ក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះដែរ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកូរ៉េខាងត្បូងមានចំនួន ២,៦ ពាន់លាន ដុល្លារអាមេរិក ឬ ស្មើនឹង ១,៦ ភាគរយនៃ FDI ទាំងអស់ចូលទៅក្នុងអាស៊ាន។ កិច្ចព្រមព្រៀងនេះ បង្កើតឱកាសសម្រាប់ប្រជាជន ៧០០ លាននាក់ រវាង អាស៊ាន-កូរ៉េ ជាមួយនឹងផលិតផលក្នុងស្រុក សរុបចំនួន ៤,៨ ទ្រីលានដុល្លារអាមេរិក តាមរយៈរបបទីផ្សារសេរី សម្របសម្រួល និងការវិនិយោគក្នុងចំណោមភាគីរបស់ AKFTA ។

តាមរយៈការអនុវត្ត AKFTA ប្រកបដោយ ប្រសិទ្ធភាព អាស៊ានទទួលបានអត្ថប្រយោជន៍ជា ច្រើនពីការជឿនលឿនរបស់ប្រទេសកូរ៉េក្នុងវិស៏យឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យាឌីជីថល ហើយកិច្ចសហប្រតិបត្តិនេះបានធ្វើឲ្យទំនាក់ទំនងអាស៊ាន-កូរ៉េកាន់តែជិតស្និទ្ធ និង ជំរុញជំហររបស់ អាស៊ានក្នុងបណ្តាញផលិតកម្មក្នុងតំបន់ ក៏ដូចជា រៀបចំតំបន់ឱ្យកាន់តែប្រសើរឡើងសម្រាប់បដិវត្តន៍ឧស្សាហកម្មទី ៤ ៕
