ចិននៅតែបន្តជួយដល់កម្ពុជាលើវិស័យកសិកម្ម និងជួយជួសជុលប្រាសាទ នៅជុំវិញតំបន់អង្គរ និងប្រាសាទព្រះវិហារ
ភ្នំពេញ៖ ក្នុងឱកាសអមដំណើរ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា, ឯកឧត្តម លី គន់ (Li Qun) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានឆ្លៀតពេលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តពង្រឹក និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អភិវឌ្ឍន៏បទ វប្បធម៌ និងទេសចរណ៏រវាងប្រទេសទាំងពីរ។

ឯកឧត្តម លី គន់ (Li Qun) បានបញ្ចាក់ថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេសក្នុងការជួយជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយរដ្ឋាភិបាលចិន បានចាត់តាំងឯកឧត្តម ឲ្យទទួលបន្ទុកក្នុងកិច្ចការនេះ។ ដូចនេះ ឯកឧត្តម នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យកិច្ចការជួលជុលប្រាសាទនៅកម្ពុជាទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះ ឯកឧត្តម នឹងជម្រុញវិនិយោគិនចិន មកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ ឯកឧត្តមបន្ថែមថា ឯកឧត្តមប្រធានាធិបតី ស៊ី ស៊ិនពីង បាននិងកំពុងជម្រុញគោលនយោបាយអេកូទេសចរណ៏តាមភូមិ សំដៅលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជនតាមទីជនបទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់ផ្នែក គ្រប់វិស័យ រួមចំណែកយ៉ាងធំធេងដល់សន្តិភាព និងការអភិវឌ្ឍន៏នៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ចាក់ថា គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងហេដ្ឋារចនាសម្ព័ន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយនឹងលំហូរវិនិយោគយ៉ាងច្រើនរបស់ចិនមកកម្ពុជា ដែលឈរលំដាប់លេខ១ ក្នុងចំណោមការវិនិយោគបរទេសនៅកម្ពុជា ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលទើបតែចុះកិច្ចព្រមព្រៀងថ្មីៗនេះ, ការសាងសង់ព្រលានយន្តហោះខេត្តសៀមរាប និងព្រលានយន្តហោះក្រុងតាខ្មៅ ខេត្តកណ្តាល ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា គោលនយោបាយជម្រុញអេកូទេសចរណ៍តាមភូមិរបស់ចិន បានដើរស្របគ្នានឹងគោលនយោបាយជម្រុញចលនាភូមិ១ផលិតផល១នៅកម្ពុជា និងមានគោលដៅរួម គឺលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទ តាមរយៈការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់កសិករ និងសិប្បករ ៕ សេឌី

