សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជា មួយប្រធានាធិបតីកូរ៉េខាងត្បូង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សា ការងារជាមូយឯកឧត្តម យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង នា រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា គ្នាលើបញ្ហាទ្វេភាគីផង និងបញ្ហាតំបន់ផង។ ឯកឧត្តម ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែង នូវការគាំទ្រមជ្ឈភាពអាស៊ាន និងសម្តែងនូវការ ពេញចិត្តចំពោះកិច្ចសហប្រតិបត្តការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ប្រជាជន និងប្រជាជន ។

ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថា «ក្នុងរយៈពេលត្រឹមតែរយៈពេល២០ឆ្នាំតែប៉ុណ្ណោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាងម្ភៃដង។ ក្នុងន័យនេះ ឯកឧត្តមក៏បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថា កូរ៉េចាត់ទុកការ អភិវឌ្ឍរបស់កម្ពុជាជាការងារអាទិភាព។ ក្នុងន័យនេះជំនួយក្រៅប្រទេសរបស់កូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើងទ្វេដងសម្រាប់ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។ កូរ៉េ នឹងជំរុញការវិនិយោគ ជាពិសេសអ្នកវិនិយោគ ទុនមក កាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការផង ដើម្បីបង្កើត នូវការចាប់យក ឱកាសពីកិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរ និងការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ឯកឧត្តម យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១៣ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួម កិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖វណ្ណលុក

