រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំប្រារព្ធអបអរសាទរពិធីបុណ្យឯករាជជាតិ ដែលមានការចូលរួម ប្រម៉ាណ១៥០០នាក់
ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ យោធភូមិភាគទី៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង គណអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ការរៀបចំប្រារព្ធពិធីបុណ្យឯករាជជាតិ ដើម្បីអបអរសាទរ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦៩ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ សួនច្បារសម្តេចសង្ឃ ជួន ណាត ក្នុងក្រុងច្បារមន ជាទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះរាល់ឆ្នាំផងដែរ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ក៏មានការរៀបចំឱ្យមន្ត្រីរាជការ កងកម្លាំង មកពីតាមបណ្តាស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ៕ម៉ុន សំអាន


